(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់-ទទួល ថវិការបស់អគ្គិសនីកម្ពុជា រួមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប១៧៩,៤៥០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់កាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា, លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្តជាច្រើននាក់ទៀត។
លោក ខូយ រីដា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា និងលោកបណ្ឌិតអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំគៀរគរ និងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។
លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំ លោក កែវ រតនៈ និងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ លោកបានខិតខំស្វែងរកធនធាន រហូតទទួលបានថវិកាពីអគ្គិសនីកម្ពុជា ព្រមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប១៧៩,៤៥០ដុល្លារ សម្រាប់ជួយដល់សាខាកាកបាទក្រហមខេត្ត សរបញ្ជាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ។
លោកបានសន្យាថា នឹងយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា បានសម្តែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បន្តទៀត បើទោះបីស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច នៃសង្គ្រាមអ៊ុយក្រែន និងរុស្សីក៏ដោយ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថវិកា ៨ ឧសភា ឆ្នាំ២០២៤ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រមូលបាន គឺសរុបចំនួន ២៤៥,៧៦៥.២៥ដុល្លារ ដើម្បីឱ្យសាខា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕