(ត្បូងឃ្មុំ)៖ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង ជារៀងរាល់ថ្ងៃ ពិសេសថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងពេលខាងមុខនេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ រួមមាន៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរអធិការកិច្ចខេត្ត និងស្នងការនគរបាលខេត្ត បានរួមគ្នាចុះធ្វើការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅបរិវេណក្បែរវង្វង់មូលហ្លួងព្រះស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។
ជាមួយនឹងការអញ្ជើញជាអធិបតី ក្នុងឱកាសនោះ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសាររំលឹកទៅកាន់បងប្អូនប្រជាពលរដ្ឋ រាល់ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់។
បន្ថែមពីនេះលោក អភិបាលរងខេត្ត បានក្រើនរំលឹកជាថ្មី និងសំណូមពរ ដោយទទូចសូមឲ្យបងប្អូនពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
សូមជម្រាបថា ក្នុងការផ្សព្វផ្សាយការយល់ដឹងសុវត្ថិភាពចរាចរណ៍នេះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដើម្បីផ្តល់រង្វាន់ជូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឆ្លើយបានត្រឹមត្រូវ។
ក្នុងនោះដែរ បានធ្វើការចែកជូនរួមមាន សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១៩០ក្បាល, សៀវភៅអ្វីអ្នកជិះម៉ូតូគួរយល់ដឹងចំនួន ៣៧៨ក្បាល, ស្ទីកឃ័រចំណាំងផ្លាតចំនួន ៣៧៨សន្លឹក, ខិតបណ្ណជំនួយស្មារតីចំនួន ៣៧៨សន្លឹក និងមួកសុវត្ថិភាពចំនួន៨៥មួកផងដែរ៕