(តាកែវ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដួចផ្ដើមកសាងអង្គកឋិនទានប្រកបដោយសទ្ធាដ៏ថ្លៃថ្លាបំផុត បានដង្ហែរវេរប្រគេនដល់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តថ្មី ហៅវត្តពូនភ្នំ ស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៤។
បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យ ចេញវស្សា។ បុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយខកខាននោះឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានបានដង្ហែទៅកាន់ទីអារាមនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ។ ក្នុងរយៈកាលនេះ បើសិនជាទីអារាមណាមួយ មិនមានអ្នកផ្ដួចផ្តើមដង្ហែកឋិនចូលទេ ទីអារាមនោះក៏ត្រូវតែមានប្រជាពុទ្ធបរិស័ទរៀបចំជាកឋិនជើងវត្តឬក៏កឋិនសាមគ្គីជាចាំបាច់ដែលខានមិនបាន។
ឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ បានមានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននាពេលនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលថវិកាយកទៅកសាងសមិទ្ធផលនានា មានព្រះវិហារ កុដិព្រះសង្ឃគង់នៅ សាលាធម្មសភា ពុទ្ធកសិក្សា ផ្លូវថ្នល់នៅក្នុងសហគមន៍ជាដើម។
នាពេលបច្ចុប្បន្ននេះ បុណ្យកឋិនទាន ក្រៅពីទទួលបានអានិសង្សផល បុណ្យ ក៏បានជំរុញឱ្យមានការបរិច្ចាគទ្រព្យធនដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់ទិសទីក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងពុទ្ធចក្រ និងផ្នែកអាណាចក្រ។
បន្ទាប់ពីប្រារព្ធកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានវេរប្រគេនបច្ច័យសង្កត់ត្រៃចំនួន៨៨លាន៨៨ម៉ឺន៨ពាន់៨រយរៀល ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តថ្មី ហៅវត្តពូនភ្នំ ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។
បន្ថែមលើសពីនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន បានជួយកសាងការសាលាពុទ្ធិកបឋមសិក្សាចំនួន១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកស្រី សម្រាប់ជាទីកន្លែងសិក្សារៀនសូត្ររបស់ព្រះសង្ឃក្នុងវត្តថ្មីនេះផងដែរ៕