(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានអញ្ជើញជួបពិធីជួបសំណេះសំណាល ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងលើកទឹកចិត្តសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅ នៅទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្លែងនៅបរិវេណវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន អម្ពវ័ន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផារ៉ា មង្គល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ នឹករលឹក និងជូនពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អ្នកចូលរួមនាពេលនេះទាំងអា់ ព្រមទាំងផ្ដាំផ្ញើនូវការនឹករឭករបស់ លោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរ។
លោក ផារ៉ា មង្គល បានសម្តែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ ប្រកបដោយមោទនភាព ចំពោះ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំង ៤១២នាក់ ក្នុងនោះ និទ្ទេស A ចំនួន ១២ នាក់, និទ្ទេស B ចំនួន ៣២ នាក់, និទ្ទេស C ចំនួន ៨៨ នាក់, និទ្ទេស D ចំនួន ១៦៥ នាក់ និងនិទ្ទេស E មានចំនួន ១១៥ នាក់ ស្មើនឹង ៩០.៣៥ % ដែលទទួលបានជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ស្របតាមទិសស្លោក “ អ្នកចេះ គឺ ជាប់ ” ។
លោក ផារ៉ា មង្គល លើកឡើងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះសំខាន់ៗចំនួន ៥ មានដូចជា “ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” គឺការអភិវឌ្ឍធនធានមនុស្សជាកត្តាចម្បងបំផុត ដែលត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។
ក្នុងនោះដែរ ក៏មានការលើកកម្ពស់គុណភាពអប់រំសាលារដ្ឋពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា(ថ្នាក់ទី១២) ហើយលទ្ធផលនៃការសិក្សារបស់ប្អូនៗនៅថ្ងៃនេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការចូលរួមពីសំណាក់គណៈនាយកសាលា លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល។
ទន្ទឹមនោះ លោក បានកោតសរសើរជាខ្លាំង ដែលប្អូនៗបានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត។ ក្នុងជំហានបន្ទាប់នេះ ប្អូនៗនឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះជំនាញមុននឹងសមាហរណកម្មចូលក្នុងទីផ្សារការងារ។
ជាមួយគ្នានោះ តាមបរិបទនាពេលបច្ចុប្បន្ន ក្រៅពីការបន្តការសិក្សានៅសកលវិទ្យាល័យ, ប្អូនៗ គឺនៅមានឱកាសមួយទៀត ដោយអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបាន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ឬ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ ដោយផ្តល់អត្ថប្រយោជន៍ដល់យុវជនទទួលបានការបណ្តុះបណ្តាល ឬរៀនអំពីជំនាញមួយច្បាស់លាស់ក្នុងរយៈពេលខ្លី ព្រមទាំងសិក្សាដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត។
លោក គូសបញ្ជាក់ថា ស្របតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថា “យុវជន ម្នាក់អាចមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” សម្រាប់លើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ និងអនុវត្តតាមអភិក្រមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។
ជាចុងក្រោយ លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើអំពើល្អ (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងសូមប្អូនៗចងចាំជានិច្ចថា បើយើងស្រលាញ់ខ្លួន ស្រលាញ់ក្រុមគ្រួសារឪពុកម្តាយ និងចង់មានអនាគតរុងរឿង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕