(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមជំនួយការសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន១០០លានរៀល ដែលជាអណផយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តគិរីសាគរ (ហៅវត្តជីធាង) ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង (ទំហំ ១៥ម x ២៥ម)។
នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះលោក មែ ស៊ីថន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរួមជាមួយនូវ ការប្រគេនចំណែកបុណ្យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្នា។
លោកក៏បានលើកឡើងអំពីសារសំខាន់ នៃការចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តអារាម ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សង្គមជាតិ ខណៈវត្តអារាម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងដំណើរការអភិវឌ្ឍជាតិ។
ជាការឆ្លើយតប ព្រះសង្ឃ ថ្នាក់ដឹក មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញកុសលរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់គុណព្រះរតនត្រ័យ សូមជួយប្រោសព្រហ្ម បីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕