(បាត់ដំបង)៖ ពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) នារសៀលថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)។
ព្រឹត្តិការណ៍ការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើវិញ្ញាសាទាំង៤ (បាល់ទាត់ បាល់ទះ វាយសី ប៉ូល ប៉េតង់) ក្រោមប្រធានបទ៖ យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន គោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម រួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន ឈានដល់ការសម្រេចបានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំ និងកីឡា។
នាឱកាសនោះ លោក ស សុខា បានឱ្យដឹងថា រៀបចំការប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់ រៀបចំឱ្យមានស្តង់ដារតែមួយដូចការប្រកួតលក្ខណៈជាតិនានា ដែលវានឹងផ្តល់ឱ្យកីឡាករយើងបានរៀនសូត្រនូវច្បាប់ បទបញ្ជា និងបច្ចេកទេសដ៏ជាក់លាក់ និងឈានទៅកាន់ការប្រកួតនានាបន្តទៀត។
គណៈកម្មការបច្ចេកទេសទាំង៤ប្រភេទកីឡា ជាពិសេសមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ត្រូវតែជាបុគ្គល ដែលមានការបណ្តុះបណ្តាលលើជំនាញជាក់លាក់ និងប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់ជូននូវសុក្រិតភាព យុត្តិធម៌ចំពោះអ្នកចូលរួមទាំងអស់។
លោកបានស្នើដល់ ស.ស.យ.ក. ខេត្ត បន្តរក្សានិងបង្កើតការប្រកួតនេះជារៀងរាល់ឆ្នាំ ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ យុវជន និង ស.ស.យ.ក. បានចូលរួមលេងកីឡា និងហ្វឹកហាត់ជាប្រចាំ។
លោក ស សុខា ក៏បានផ្ដាំផ្ញើដល់កីឡាករ និងអ្នកចូលរួមទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មិត្តភាព ពីព្រោះថាការប្រកួតនេះ សំខាន់គឺដើម្បីសុខមាលភាព និងសាមគ្គីភាពតែប៉ុណ្ណោះ៕