(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំការហ្វឹកហាត់សមក្បួនការពារគណៈប្រតិភូជាតិ-អន្ដរជាតិ នៅលើផ្លូវសាធារណៈជាក់ស្តែង ដើម្បីត្រៀមការពារកិច្ចប្រជុំនានាដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ការហ្វឹកហាត់សមក្បួនការពារគណៈប្រតិភូជាតិ-អន្ដរជាតិ នៅលើផ្លូវសាធារណៈជាក់ស្តែងនេះ ក៏មានកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា នាយកដ្ឋានអង្គរក្ស តែងតែធ្វើការហ្វឹកហ្វឺនជាប្រចាំតាមដែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការហាត់សមជាប្រចាំនេះ គឺដើម្បីការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងការពារគណៈប្រតិភូអន្តរជាតិ ដែលមកចូលរួមកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានកោតសរសើរដល់កម្លាំងនាយកដ្ឋានអង្គរក្សទាំងអស់ ដែលបានបំពេញការងារនាពេលកន្លងមក ប្រកដោយជោគជ័យ ពិសេសក្នុងការការពារសន្ដិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជូនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងថា នាយកអង្គរក្សក៏បានដើរតួ​នាទីយ៉ាងសំខាន់ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗដែលរៀបចំដែលរាជរដ្ឋាភិបាលបានរៀបចំនាពេលកន្លងទៅ និងកិច្ចប្រជុំអន្តរជាតិជាច្រើនកន្លងមកនេះ៕