(ពោធិ៍សាត់)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវឧកញ៉ា គៀន ស្រីនៀង បានសាងសង់អគារសិក្សា របងខ្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺតម្លៃសរុប ២០ម៉ឺនដុល្លារ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

សមិទ្ធផលទាំងនេះបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅស្រុកវាលវែងជាច្រើនរូបផ្សេងទៀត។

សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនោះរួមមាន៖
១៖ អគារសិក្សា ១ខ្នង សាងសង់ពីបេតុងអាមេ មាន ៥បន្ទប់ មានបំពាក់ឧបករណ៍ និង​សម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់) និងកង្ហារជាដើម ដែលអាច​ដាក់សិស្សបានចំនួន ២៤០នាក់ សម្រាប់១វេន
២៖ ខ្លោងទ្វារ និងរបង១ខ្សែប្រវែង ១៨៥ម៉ែត្រ
៣៖ អគារសម្រាកព្យាបាលជំងឺ១ខ្នង សាងសង់ពីបេតុងអាម៉េ មាន​បន្ទប់សម្រាកព្យាបាល​ ៨បន្ទប់ ដែលអាចដាក់អ្នកជំងឺបានចំនួន២៤​នាក់ បន្ទប់គ្រូពេទ្យ ១បន្ទប់ និងបន្ទប់ទឹក ៥បន្ទប់។

សូមបញ្ជាក់ថា សមិទ្ធិផលអាគារសាលាបឋមសិក្សា របងខ្លោងទ្វារ ព្រមទាំងឧបករណ៍ និងសម្ភារៈ​សិក្សាក្នុងថ្នាក់រៀន គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង។

ចំណែកឯអគារសម្រាកព្យាបាលវិញ គឺជាអំណោយដ៏ថ្លៃថ្លារួមគ្នារបស់លោក ស៊ុយ សែម អតីតរដ្ឋ​មន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង ព្រមទាំងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គ​នាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ដែលសមិទ្ធិផល​ទាំង​ប៉ុន្មានខាងលើមានចំណាយថវិកាអស់ប្រមាណ ២០០,០០០ដុល្លារអាមេរិក។

នៅក្នុងពិធិនោះ លោក កែវ រតនៈ ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលអញ្ជើញចូលរួមចំនួនជាង ១.០០០ នាក់ ព្រមទាំងសាលាឃុំថ្មដា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដាផងដែរ។ អំណោយទាំងនោះរួមមានដូចជា អង្ករ សារុង សៀវភៅ ប៊ិច និងថវិកាជាដើម ព្រមទាំងចំណាយ ផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណជាង ១០០,០០០,០០០​រៀល៕