(កែប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបង្កើត «ចលនាជាតិតស៊ូ» របស់ក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេស គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះកាន់តែច្រើនអស់ជំនឿ ហើយដើរចេញពីក្រុមប្រឆាំងនោះជាបន្ដបន្ទាប់។

ក្នុងឱកាសអញ្ជើញសម្ពោធ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ លើទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់ បានដើរចេញពីបក្ខពួកខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្មានខែនេះមានការបង្កើតចលនាមិនចេះចប់ ចលនាក្រៅប្រទេស មានទាំងរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសទៀត [...]ខ្ញុំមិនដឹងថាបង្កើតធ្វើអ្វី គោលដៅអ្វី តែបើតាមការវិភាគគោលដៅនៅដដែលបង្កើតអ្វីប្លែក។ ចុងក្រោយនេះមានចលនាដែលប្រជាពលរដ្ឋក្នុងប្រទេសធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងមន្ដ្រីជាន់ខ្ពស់របស់គាត់ទាំងក្នុងប្រទេស ក្រៅប្រទេស អ្នកគាំទ្រសំខាន់របស់គាត់ជាច្រើន»

ក្នុងន័យនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកទៅលោកស្រី មួរ សុខហួរ ដែលទើបតែបង្កើតចលនាប្រជាធិបតេយ្យមួយនៅក្រៅប្រទេស ហើយតាំងខ្លួនជាប្រធាន ប៉ុន្ដែក្រោយមកក៏ធ្លាក់មកជាអនុប្រធានវិញ ដែលទំនងជាន់គ្នាជាមួយទណ្ឌិត សម រង្ស៉ី ដែលបង្កើតចលនាថ្មីមួយដែរ។ សម្ដេចហួសចិត្តចំពោះការបង្កើតចលនាមិនចេះចប់ មិនចេះហើយ ទាំងដែលអ្នកគាំទ្រកាន់តែដើរចេញ។

បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, មនុស្សមួយចំនួននៅតែបន្ដចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឲ្យបែងចែកបក្ខពួក បែកបាក់គ្នា ក្នុងនោះមានទាំងការបង្កើតរដ្ឋាភិបាលស្រមោលក្រៅប្រទេស ហើយធ្វើសកម្មភាពនៅតាមបណ្ដាញសង្គមតាំងខ្លួនជានាយករដ្ឋមន្ដ្រី។ មិនតែប៉ុណ្ណោះ បែរជាឆ្លៀតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាជារាជរដ្ឋាភិបាលមិនស្របច្បាប់ ទាំងដែលកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋរហូតដល់ជាង៨លាននាក់ទៅបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអស់ជំនឿរបស់មន្ដ្រីជាន់ខ្ពស់នៅក្រុមប្រឆាំង និងសកម្មជនស្មោះស្ម័គ្រដោយការភូតភរកុហកបោកប្រាស់ ចោទប្រកាន់ខុសពីការពិតមកលើរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយមានការពន្យល់ជាបន្ដបន្ទាប់ ទើបអ្នកដែលធ្លាប់ស្មោះស្ម័គ្របានងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ។

យ៉ាងណាមិញ សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានព្រមានទុកថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចអន់ឱនឲ្យបានឡើយ ចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម បង្កើតអស្ថិរភាព៕