(ភ្នំពេញ)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា វិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលរដ្ឋសភាបានអនុម័ត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្របនឹងរដ្ឋធម្មនុញ្ញ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ស្របនឹងរដ្ឋធម្មនុញ្ញ៕