(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបកទៅអ្នកដែលរិះគន់សម្តេចនិយាយពាក្យសន្តិភាពដដែលៗថា សម្តេចនឹងមិននឿយណាយក្នុងការនិយាយ ឬរម្លឹកពាក្យនេះនោះឡើយ ពោលគឺសម្តេចនឹងនិយាយ រហូតទាល់តែអ្នកដែលរិះគន់ សុបិន្តឃើញពាក្យសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងន័យប្រដូចថា បើពេលដើរកម្សាន្ត ហើយគេងសុបិន្តឃើញសន្តិភាព នឹងធ្វើឲ្យគេងលក់ស្រួល និងអារម្មណ៍ល្អ ប៉ុន្តែផ្ទុយទៅវិញ បើសុបិន្តឃើញសង្គ្រាម សូម្បីតែគេងក៏មិនឆ្អែតដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» សមិទ្ធផលលើដីខេត្តកែប តម្លៃជាង១០លានដុល្លារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្មានសុខសន្តិភាព មិនមាននរណាមកលេងខេត្តកែបនោះឡើយ ដូច្នេះត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ មានគេទៅប្តឹង! ប្រទេសមួយចំនួនគេថា រាជរដ្ឋាភិបាលខ្មែរនេះ ឲ្យតែនិយាយ គឺនិយាយតែការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ហើយគេប្រាប់ថា ពាក្យហ្នឹងគំរាមបក្សប្រឆាំង គំរាមអ្នកប្រឆាំង។ ខ្ញុំថាអត់ទេ តែបាត់សន្តិភាព មិនមែនតែបក្សប្រឆាំង អ្នកប្រឆាំងទេ ប្រជាពលរដ្ឋទូទាំងប្រទេស កុំថាឡើយមន្ត្រី កុំថាឡើយអ្នកគាំទ្រគណបក្សប្រជាជន បក្សណា ក៏រងគ្រោះដោយសារសង្គ្រាមដែរ កុំនិយាយអំពីគណបក្សនយោបាយ បើប្រទេសវាយគ្នា កាប់ចាក់គ្នាហើយ គឺខ្មែរសម្លាប់ខ្មែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អសន្តិភាព គឺរលាយទាំងអស់គ្នា វេទនាទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា​ និងខាតបង់ទាំងអស់គ្នា។ អីចឹង ការពារសន្តិភាព មិនមែនសម្តៅលើការគំរាមអ្នកណានោះទេ ប៉ុន្តែដើម្បីជាការរម្លឹក និងដើម្បីឲ្យយើងរួមគ្នា ការពារផលប្រយោជន៍រួមរបស់យើង ទើបបានយើងរស់នៅក្នុងសេចក្តីសុខសាន្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «រួមគ្នាការពារសន្តិភាព ដើម្បីយើងរស់នៅបានសេចក្តីសុខទាំងអស់គ្នា។ ពីណាថា និយាយហើយ និយាយទៀត។ ខ្ញុំសុខចិត្តនិយាយដដែលៗ ទាល់តែថា អ្នកហ្នឹងស្តាប់ទៅ ទាល់តែដេកលក់ ក៏ស្រមៃឃើញពាក្យសន្តិភាពដែរ។ ហ្នឹងហើយ! កុំឲ្យស្រមៃឃើញសង្គ្រាម (ព្រោះ) ងើបឡើងដេកអត់ឆ្អែតទេ។ តែបើស្រមៃឃើញសន្តិភាពល្អូកល្អើន ទៅដើរលេង កោះទន្សាយ គឺដេកឆ្អែតតែម្តង។ តែបើដេក ស្រមៃឃើញតែកាប់គ្នា ឮតែគ្រាន់បែកហោះមក ភ្ញាក់កណ្តាលយប់នោះឯង។ អីចឹង កុំឲ្យមានសុបិន្តអាក្រក់ យើងសុខចិត្តថែរក្សាសន្តិភាព ដើម្បីមានសុបិន្តល្អទាំងអស់គ្នា»

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមមានកម្រើកឡើងជាមួយនឹងជីវភាពកាន់តែប្រសើរ នៅក្រោយពេលដែលភ្លើងសង្គ្រាមនៅកម្ពុជាបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីជំហរឥតងាករេ ដោយត្រូវរក្សាសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នា រាជរដ្ឋាភិបាល បានប្រើប្រាស់សារនយោបាយ «អរគុណសន្តិភាព» ចាប់ពីនិតិកាលទី៥ នៃរដ្ឋសភា ព្រោះមានសន្តិភាព ទើបមានការអភិវឌ្ឍ។ បើគ្មានសន្តិភាព សូម្បីតែពាក្យថា សិទ្ធិមនុស្ស ក៏មិនអាចត្រូវបានគេគោរពឡើយ៕