(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្តេចសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចបវរធិបតីបានរំឭកថា សម្ដេចទើបតែបានផ្ដល់គោលការណ៍បង្កើតក្រុមខេត្តទេសចរណ៍ ដូចជា ក្រុមនិរតីមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង, ក្រុមឧត្តរមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, ក្រុមឦសានមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ គោលដៅនៃការបង្កើតក្រុមខេត្តនេះ គឺដើម្បីរួមគ្នាបង្កើតជាសហថាមពល បង្កើតឱ្យមានកម្មវិធីទេសចរណ៍ ឱ្យបានច្រើន បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ចែកគោលដៅឱ្យភ្ញៀវទេសចរណ៍ទៅទស្សនា។
សម្ដេចបវរធិបតីក៏បានណែនាំជំរុញដល់រដ្ឋបាលខេត្តនានា ពិសេសខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសេវាកម្ម តម្លៃ គុណភាព ក៏ដូចជាតម្រូវការរបស់អ្នកទេសចរ។ សម្ដេចបានផ្ដាំផ្ញើទៅអភិបាលខេត្តកែបថា កុំឱ្យរឿងបាយឆាមួយចានកើតឡើងទៀត។
សម្ដេចបវរធិបតីថ្លែងថា «ប្រសិនបើមានបញ្ហា រដ្ឋបាលខេត្តត្រូវចាត់ការ ត្រូវប្រតិកម្មរហ័សបំភ្លឺជូនភ្ញៀវទេសចរ ប្រជាពលរដ្ឋឱ្យបានភ្លាមៗ តួយ៉ាងដូចរឿងករណីបាយឆានៅខេត្តកែបកាលពីពេលកន្លងទៅ»។
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា អភិបាលខេត្តត្រូវមានចក្ខុវិស័យច្បាស់លាស់ ត្រូវតាមដាន ហើយទទួលខុសត្រូវ មើលថាក្នុងខេត្តរបស់ខ្លួនមានសក្ដានុពលអ្វីខ្លះ ត្រូវរៀបចំដាក់ផែនការអភិវឌ្ឍឱ្យបានត្រឹមត្រូវ។ មួយវិញទៀត មន្ត្រីរាជការ ដៃគូអភិវឌ្ឍ ប្រតិបត្តិករ ក៏ត្រូវចូលរួមអនុវត្តប្រកបដោយភាពស្មោះត្រង់ និងម៉ឺងម៉ាត់តាមផែនការដែលបានដាក់ចេញ។ ចំពោះប្រជាពលរដ្ឋ អាជីវករ វិស័យឯកជនក៏ត្រូវសហការចូលរួមជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញផងដែរ ដើម្បីរួមគ្នាឱ្យខេត្តរបស់ខ្លួនកាន់តែមានភាពទាក់ទាញ៕