(កែប)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង ១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួង ស្ថាប័ន អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនខេត្តកែប។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះរួមមាន៖

*ទី១៖ ស្នើដល់អាជីវករលក់ដូរទាំងអស់ កុំដំឡើងថ្លៃតូបកន្លែងអង្គុយ និងម្ហូប អាហារផ្សេងៗ, ជាពិសេស ក្នុងអំឡុងពេលឈប់សម្រាក និងរដូវកាលបុណ្យទាននានា ហើយក៏សូមស្នើដល់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ត្រូវសហការពិនិត្យចាត់វិធានការណែនាំ និងដោះស្រាយបញ្ហានេះឲ្យបានម៉ឺងម៉ាត់ ដើម្បីចៀសវាងបាតុភាពមិនល្អណាមួយកើតឡើង ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ខេត្ត។

ជាមួយគ្នានេះ អាជីវករលក់ដូរទាំងអស់ មិនត្រឹមតែត្រូវផ្តោតលើការផ្ដល់តម្លៃសមរម្យមួយមុខនោះទេ តែថែមទាំងត្រូវរក្សាឲ្យបាននូវគុណភាព អនាម័យ និងសុជីវធម៌ ក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ មកលេងកម្សាន្តនៅខេត្តកែប ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមុខមាត់ខេត្តទាំងមូល។ លើសពីនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកែប ក៏ដូចជា តំបន់ទេសចរណ៍ក្នុងខេត្តដទៃទៀត ត្រូវមានការទទួលខុសត្រូវ រួមគ្នាថែរក្សាអនាម័យ និងចូលរួមថែរក្សាទេសចរណ៍ធម្មជាតិរបស់ខេត្ត។

*ទី២៖ ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប បន្តសហការ ដើម្បីបង្កើន និងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តកែប ឲ្យមានគុណភាព ដើម្បីលើកកម្ពស់ផលិតផលរបស់ខេត្ត ក៏ដូចជាបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ នៃខេត្តកែប។

ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប ត្រូវបង្កើនការចូលរួមជួយដល់ផលិតករអំបិលទាំងអស់ ដើម្បីជំរុញផលិតកម្មអំបិលឲ្យបានកាន់តែច្រើន ប្រកបដោយគុណភាពសម្រាប់បំពេញតម្រូវការទីផ្សារ តាមរយៈការខិតខំបង្កើនសមត្ថភាព បច្ចេកទេសថ្មីៗ ផលិតអំបិលមានគុណភាពស្តង់ដា ដើម្បីជំរុញទីផ្សារក្នុងស្រុកឲ្យបានច្រើន និងការនាំចេញទៅបរទេស រីឯសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនានាក្នុងស្រុក សូមចូលរួមប្រើប្រាស់អំបិលផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះឲ្យកាន់តែប្រសើរ។

*ទី៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមសហការខិតខំបំពេញការងារឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្តាញ ផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឲ្យមាននិរន្តរភាព ទាំងគុណភាព និងប្រសិទ្ធផល។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែង និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥»៕