(ភ្នំពេញ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកឡើងថា ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានសម្តែងការមិនពេញចិត្ត និងថ្កោលទោសជាខ្លាំង ចំពោះសម្តីពាលរបស់ក្រុមជនជ្រុលនិយម «ទូរទស្សន៍ មនសិការ ខ្មែរអមតៈ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់ និងសោកសៅទីបំផុត ដែលសម្តេចតែងរលឹកជានិច្ច ដល់ការបាត់បង់កូនប្រុសដំបូងជាទីស្រលាញ់របស់សម្តេច។
បន្ថែមលើការឈឺចាប់ នៃទុក្ខបាត់បង់កូនប្រុសច្បង ជាទីស្រលាញ់អស់រយៈពេល៤៨ឆ្នាំមក បែរជាត្រូវយាយីដោយពាក្យសម្តីគ្មានសីលធម៌ ពីក្រុមជនជ្រុលនិយមអគតិដែលបម្រើការនៅ «ទូរទស្សន៍ មនសិការ ខ្មែរអមតៈ» ថែមមួយកម្រិតទៀត។
សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពបស់ប្រជាជាតិកម្ពុជា សម្តេចតេជោបានចំណាយអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងបានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ បាន ស្រោចស្រង់ជីវិតប្រជាពលរដ្ឋកម្ពុជា ពីរណ្តៅភ្លើងសង្គ្រាម នាំប្រជាជាតិឆ្ពោះមករកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
គុណសម្បត្តិដ៏អស្ចារ្យរបស់សម្តេចតេជោ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងក្រអៅបេះដូងប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបានឡើយ។
ផ្ទុយទៅវិញក្រុមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី មេជនជ្រុលនិយមអគតិមួយក្តាប់តូច នៅក្រៅប្រទេស រួមទាំងក្រុម «ទូរទស្សន៍ មនសិការ ខ្មែរអមតៈ» មិនដែលបានធ្វើអ្វីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាឡើយ គឺមានតែត្រឹមការផ្សព្វផ្សាយ ស្រែកញុះញង់អុជអាលបំបែកបាក់ពីក្រៅស្រុក ក្នុងចេតនាដ៏អាក្រក់ ក្នុងន័យបំផ្លាញសុខសន្តិភាព និងបង្កវិនាសកម្មសម្រាប់ប្រជាជាតិខ្មែរតែប៉ុណ្ណោះ។
ក្រុមយុវជនស្រលាញ់សន្តិភាព សូមថ្កោលទោសចំពោះសម្តី និងសកម្មភាពជ្រុលនិយមអគតិរបស់ក្រុម «ទូរទស្សន៍ មនសិការ ខ្មែរអមតៈ» រួមជាមួយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបង្ហាញយ៉ាងច្បាស់ពីសារជាតិ និងចរិតមាយាទអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញាណ និងគ្មានមនសិការស្នេហាជាតិឡើយ គឺមានការចង់បំផ្លាញជាតិ និងការប្រឆាំងពេញមុខដោយភាពអគតិ មកលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំជាតិ និងប្រជាជនកម្ពុជា រស់ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបញ្ជាក់ថា ក្រុមយុវជនស្រលាញ់សន្តិភាព សូមប្រកាសថ្កោលទោស និងហ៊ានធ្វើគ្រប់យ៉ាង ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយសូមប្រកាសប្រឆាំងដាច់ណាត់ ចំពោះសម្តីទមិឡឥតសាសនារបស់ក្រុមជនជ្រុលនិយមអគតិ «ទូរទស្សន៍ មនសិការ ខ្មែរអមតៈ» ដឹកមុខដោយជនក្បត់ជាតិ ៣ជំនាន់សម រង្ស៊ី ក្រុមយុវជនស្រលាញ់សន្តិភាពសូមសំណូមពរ ឱ្យសមត្ថកិច្ចមានវិធានការផ្លូវច្បាប់ ចំពោះក្រុមជនជ្រុលនិយមអគតិ ដែលដឹកមុខដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដោយគ្មានការលើកលែងឡើយ៕