(កណ្ដាល)៖ មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍ សុខ ឈាង ត្រូវជាមាតាបង្កើតរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក កុយ ថាន និងលោកស្រី ឡាយ ហួតប្រែន ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងរដូវបុណ្យកឋិនទានឆ្នាំនេះ នាព្រឹកថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនសាមគ្គីដង្ហែរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ការត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តជ័យឧត្តម ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ព្រះវិជ័យកាន់ សំអុល ព្រះគ្រូចៅអធិការវត្តជ័យឧត្តម មានថេរៈដីកាថា បុណ្យកឋិនទាននេះ ត្រូវបានពុទ្ធបរិស័ទទូទាំងប្រទេសប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោជ ខែអស្សុជដល់ថ្ងៃ ១៥កើតខែកត្តិក។ ព្រះអង្គសំដែងដោយក្តីរីករាយចំពោះការហែរកឋិនសាមគ្គីរបស់ពុទ្ធបរិស័ទមកកាន់វត្តនេះ និងបានកសាងសាលាបឋមសិក្សាជ័យឧត្តម និងសមិទ្ធផលនានាក្នុងវត្តដែលកំពុងមានការខ្វះខាត។

ព្រះអង្គក៏មានថេរដីកាបន្តថា វត្តនេះគឺជាវត្តបុរាណមួយដែលនៅសេសសល់ពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ សូមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ ដល់វត្តជ័យឧត្តមនេះបន្ថែមទៀត ដើម្បីកសាងសាលាបឋមសិក្សាជ័យឧត្តម ក៏ដូចសមិទ្ធផលនានាក្នុងវត្ត ព្រះវិន័យសីលមុនី កាន់ សំអុល មានថេរដីកាថ្លែងអំណរគុណពុទ្ធបរិស័ទដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុងវិស័យសាសនា ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលបានលះបង់ធនធានជាបន្តបន្ទាប់ក្នុងការចូលរួមចំណែកសមិទ្ធផលនានាក្នុងវត្តអារាម។

ព្រះអង្គមានថេរដីកាបន្តថា សមិទ្ធផលទាំងឡាយកើតចេញពីកត្តាសុខសន្តិភាពពីប្រទេសជាតិ ហើយសូមយើងទាំងអស់គ្នាចូលរួមការពារសុខសន្តិភាពនេះ ឱ្យបានគង់វង្សជានិរន្តរ៍ និងរួមគ្នាថែរក្សាសន្តិភាព ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានគង់វង្សរីកចម្រើនបន្ថែមទៀតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំពីរាជរដ្ឋាភិបាលកម្ពុជាមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយថាមពល ដែលមានគោលនយោបាយដ៏មុតស្រួច ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិសម្រេចគោលដៅដោយបានដាក់ចេញដើម្បីកែប្រែជីវិតភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕