(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក ផេន សុផល អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី២ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤ នៅបរិវេណ វត្តសេរីសាគរកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ដោយបានទទួលសំណើរ និងកង្វល់ពីប្រជាពលរដ្ឋ ១៤ ករណី។

ក្នុងវេទិកានេះ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានដោះស្រាយភ្លាមៗ ចំនួន ៩ករណី និងនៅសេសសល់អង្គវេទិកាបានទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល។

ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោក ខ្លូត ផន បានបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន សំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕