(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា» ព្រមទាំងមានបង្ហាញពីបទពិសោធន៍ និងគន្លឹះសំខាន់ៗ ដល់យុវជនដែលទើបបញ្ចប់ការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលកំពុងត្រៀមចូលសិក្សានៅឧត្តមសិក្សា ក្រៅពីសិក្សានៅក្នុងសាលា និងសម្លឹងជ្រើសរើសមុខជំនាញឱ្យបានច្បាស់លាស់។
ដោយសារតែបច្ចុប្បន្ននេះកម្ពុជា បានបើកនូវទីផ្សារសេរី ក្នុងនោះការជ្រើសរើសយកការសិក្សារៀនសូត្រ របស់សិស្ស និងនិស្សិត មិនត្រូវបានរឹតត្បិតនោះទេ។ ការសិក្សាសព្វថ្ងៃនេះយុវវ័យភាគច្រើន បានកំពុងចាប់យកជំនាញ ទៅតាមការចូលចិត្តរបស់ ខ្លួនហាក់មិនគិតពី ទីផ្សារការងារនៅពេលអនាគតនោះទេ។
ការសិក្សាសព្វថ្ងៃនេះមានពីរ សម្រាប់ជ្រើសរើសជាជំនាញមានការសិក្សាចំណេះដឹងទូទៅ និងការសិក្សាជំនាញបច្ចេកទេស។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថាពីមួយឆ្នាំ ទៅមួយឆ្នាំមាននិស្សិតកម្ពុជា ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅតែប្រឈមនឹងភាពអត់ការងារធ្វើ។ បញ្ហានេះ បណ្ដាលមកពីនិស្សិតភាគច្រើននាំគ្នារៀន តែមុខជំនាញសេដ្ឋកិច្ច និងធុរកិច្ចមិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេសដូចជា មុខជំនាញកសិកម្មសំណង់ និងជាងម៉ាស៊ីនជាដើម។
ចំពោះចំណុចនេះ ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំផ្ញើដល់អ្នកសិក្សា ដែលទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យ ត្រៀមរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ត្រូវមើលលើទេពកោសល្យរបស់ខ្លួនជាមុន មិនថាសិក្សានៅទីណានោះទេ ក៏មិនសំខាន់ដូចជំនាញដែលខ្លួនមានដែរ។
លោកបណ្ឌិតបានបន្ថែមថា ចំណេះដឹងដើរតួនាទីសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ជាមួយគ្នានេះ ការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺសំខាន់ណាស់ក្នុងការគោរព និងមើលលើទេពកោសល្យរបស់ខ្លួន មិនថារៀននៅសាលាណា ទីណានោះទេ។ ទន្ទឹមនឹងការមើលលើទេពកោសល្យខ្លួន ក៏ត្រូវសម្រេចតាមការស្រឡាញ់លើមុខជំនាញនីមួយៗ តាមចិត្តខ្លួនឯងដូចគ្នា ហើយការសិក្សាជំនាញតាមទីផ្សារការងារ គឺជារឿងត្រូវគិតក្រោយគេ។
ត្រង់ចំណុចដែលនិស្សិតរើសជំនាញតាមទីផ្សារការងារ បច្ចុប្បន្ន សង្កេតឃើញថា យុវជនភាគច្រើនហាក់មានការបារម្ភច្រើនថា ជំនាញដែលខ្លួនស្រឡាញ់អាចមិនមានទីផ្សារការងារធំទូលាយ ពិបាករកការងារធ្វើជាដើម។ ទាំងអស់នេះ ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនជ្រើសរើសជំនាញសិក្សាមួយ ដែលខ្លួនមិនមានទេពកោសល្យខាងនោះ រហូតធ្វើឱ្យនិស្សិតមួយចំនួនធ្វើការមិនត្រូវជំនាញ ក្រោយបញ្ចប់ការសិក្សា ឬមិនមានការងារធ្វើ ព្រោះតែពួកគេមួយចំនួនមិនមានទេពកោសល្យ លើជំនាញសិក្សាដែលខ្លួនរើសនេះឯង។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា កាលណាមនុស្សមានទេពកោសល្យនៅក្នុងខ្លួន គឺបុគ្គលនោះរៀនចាប់បានលឿន មិនថាក្នុងការសិក្សា ឬវិស័យការងារឡើយ និងស្នើដល់យុវជនជំនាន់ក្រោយ ដែលកំពុងរើសជំនាញសិក្សា ប្រសិនជាចង់ទៅមើលសាលាណាមួយ កុំមើលតែភាពទំនើបពីខាងក្រៅរបស់សាលា ត្រូវមើលពីកម្មវិធីសិក្សានៅទីនោះ និងមើលលើគុណភាពគ្រូបង្រៀននៅទីនោះផង។
នៅក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ សុខ ទូច ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប គួរចាប់អារម្មណ៍ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សារបស់កូន ព្រមទាំងផ្តល់ជាយុទ្ធសាស្ត្រគាំទ្រលើអ្វីដែលកូនស្រឡាញ់ និងពេញចិត្តផងដែរ។
បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សម្រាប់វេទិកា គឺមានសារៈសំខាន់ជាផែនទីចង្អល់ផ្លូវ សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប) ក្នុងការគិតពិចារណាទៅលើអាជីព នៅក្នុងជីវិតរបស់ខ្លួន។ ការចាប់យកមុខជំនាញសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ) គឺជារឿងមួយដ៏សំខាន់នៅក្នុងដំណើរដើរ ភាពរឹងមាំរបស់ខ្លួន ក៏ជាភាពរឹងមាំរបស់សង្គមជាតិទាំងមូលផងដែរ។
លោកបណ្ឌិត យង់ ពៅ ក៏បានរំលឹកឡើងថា បើក្រឡេកទៅមើលពី ៣០ឆ្នាំមុន និស្សិតដែលចូលរៀនថ្នាក់មហាវិទ្យាល័យ ប្រៀបបាននឹងដើរលើមហាសាលគរអញ្ចឹង ពីព្រោះមិនមានការបង្ហាញផ្លូវនោះទេ។ ដូច្នេះ ការសិក្សាដោយគ្មានការបង្ហាញផ្លូវ គឺមិនមែនជាភាពងាយស្រួលនោះទេ តែបច្ចុប្បន្ននេះ យុវជនមានឱកាសច្រើន ក្នុងការជ្រើសរើសយកមុខជំនាញសិក្សា នៅក្នុងថ្នាក់មហាវិទ្យាល័យ ដើម្បីមានឱកាសកាន់តែច្រើនសម្រាប់រៀបចំអនាគតរបស់ខ្លួន ឱ្យទទួលបានភាពជោគជ័យ៕