(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ព្រមទាំងផ្តល់កិត្តិយសអញ្ជើញជាវាគ្មិននៃ «បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា» ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ស.ជ.គ. ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់ដាក់ឱ្យប្រើប្រាស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃ «កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និងទទួលបាននូវវឌ្ឍនភាព ដូចខាងក្រោម៖
១. ការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រថ្នាក់បណ្ឌិត បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រដែលចេញដោយ ស.ជ.គ. សរុបចំនួន ៥ ២២០ សន្លឹក។
២. ការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងបំពាក់នូវឧបករណ៍ឌីជីថល ដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាចសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត ជាអាទិ៍។
៣. ការបញ្ចប់ជាស្ថាពរនូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ដែលបច្ចុប្បន្ននេះបានជួយសម្រួលយ៉ាងខ្លាំងដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រើប្រាស់សម្រាប់ធ្វើការសិក្សានិងស្រាវជ្រាវ ដោយឥតគិតថ្លៃ។
៤. ការបញ្ចប់ការរៀបចំ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)។
ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ ដែលការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ក្នុងនោះ ស.ជ.គ. គឺជា គ្រឹះស្ថានឧត្តមសិក្សាទី១ ដែលបានចូលរួមដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសញ្ញាបត្ររបស់ខ្លួន។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅ ស.ជ.គ. ក៏ជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ចូលរួមចំណែកបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលនិងជំរុញការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឈានទៅសម្រេចបាននូវ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មានលទ្ធភាពក្នុងការប្រើប្រាស់សម្រាប់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា៕