(ព្រះវិហារ)៖ ដើម្បីចែករំលែកក្ដីស្រឡាញ់នាឱកាសខួបកំណើត លោកស្រី សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះវិហារ ដែលត្រូវជាភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកសម្ភារសិក្សា កាតាប សម្លៀកបំពាក់ និងនំចំណីចែកជូនសិស្សានុសិស្សតាមសាលាបឋមសិក្សាក្នុងស្រុកជាំក្សាន្តចំនួន៨២៣នាក់ និងតាមសាលាបឋមសិក្សាក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប (ជាប់ព្រំដែនឡាវ) ចំនួន៣៨៩នាក់ នៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនេះដែរ លោកស្រី សុខា គងពិសី គីម រិទ្ធី បានថ្លែងនូវអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានមកជួបមុខដោយផ្ទាល់ជាមួយសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប។លោកស្រីក៏បានផ្ដាំផ្ញើដល់សិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់នូវការពន្យល់របស់លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សពូកែ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ ត្រូវធ្វើខ្លួនឱ្យក្លាយក្មេងដែលមានសីលធម៌ល្អ ត្រូវចេះស្តាប់បង្គាប់ឪពុកម្តាយ ស្តាប់លោកគ្រូអ្នកគ្រូ ដើម្បីក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម ហើយត្រូវចៀសឱ្យឆ្ងាយនូវល្បែងអបាយមុខផ្សេងៗ ពិសេសសូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។

គួរជម្រាបថា អំណោយដែលលោកស្រី សុខា គងពិសី គីម រិទ្ធី នាំយកទៅចែកជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប នាពេលនេះ រួមមាន៖ កាតាប សម្លៀកបំពាក់ សៀវភៅ ខ្មៅដៃ បន្ទាត់ ក្តារឈ្នួន ដីស និងនំ ព្រមទាំងបានជូនថវិកាដល់លោកគ្រូ អ្នកគ្រូផងដែរ។

ក្នុងឱកាសខួបកំណើតលោកស្រី សុខា គងពិសី គីម រិទ្ធី, ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា សិស្សានុសិស្សតាមសាលាបឋមសិក្សាក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប បានគោរពជូនពរលោកស្រីប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងសម្រេចជោគជ័យគ្រប់ភារកិច្ច ពិសេសសូមលោកស្រី និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕