(សៀមរាប)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខត្តសៀមរាប និងផ្នែកពាក់ព័ន្ធ បើកវគ្គបណ្តុះបណ្តាលស្តីពី ពង្រឹងសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្ទសង្គមបច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី សម្រាប់ជំនាញការយុវជននៅកម្ពុជា(FishTech Masterclass 2024) រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ព្រមទាំងគណៈប្រតិភូ និងសិក្ខាកាមចូលរួមផងដែរ។
លោក ឃុន សាវឿន បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានកើតឡើងយ៉ាងឆាប់រហ័សក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសការសាងសង់ផ្លូវ និងប្រព័ន្ធធារាសាស្ត្រ។ ទាំងនេះគឺជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការនាំចេញដំណាំ។ ការអភិវឌ្ឍទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្ម ប៉ុន្តែយើងកំពុងសិក្សាថា វាប៉ះពាល់ដល់ការធ្វើបន្លាស់ទីរបស់ត្រី និងនាំឱ្យមានការថយចុះផលិតកម្មត្រី។
លោកបន្តថា ការសាងសង់ជណ្ដើរត្រីដ៏ល្អ និងរឆ្លងកាត់តាមខ្សែទឹកអាចអនុញ្ញាតឱ្យត្រីធ្វើការបន្លាស់ទី និងជួយដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាពផងដែរ។ ប្រទេសជាច្រើនក្នុងពិភពលោក បានបង្កើតរចនាសម្ព័ន្ធជណ្ដើរត្រី ហើយបង្ហាញថា វាអាចទៅរួចក្នុងការផលិតអាហារ ទឹក និងថាមពល ប៉ុន្តែលុះត្រាតែមានការរចនាតាមរបៀបដែលល្អបំផុត។
លោកបានបន្តថា ការរចនាជណ្ដើរត្រីមួយ គឺផ្អែកលើទិន្នន័យអំពីប្រភេទសត្វក្នុងទន្លេមេគង្គ។ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍធនធានទឹកយ៉ាងឆាប់រហ័សក្នុងគោលបំណងជាច្រើន។ ដូច្នេះ ការសិក្សាលើជណ្ដើរត្រីសម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា គឺចាំបាច់ជាពិសេសសម្រាប់រួមបញ្ចូលលទ្ធផលជណ្ដើរត្រីជាមួយប្រព័ន្ធធារាសាស្ត្រ និងគោលនយោបាយអភិវឌ្ឍ។
លោក ឃុន សាវឿន បានបន្តទៀតថា ការសិក្សាជណ្ដើរត្រីត្រូវបានធ្វើឡើងនៅជណ្ដើរត្រីស្លែង ស្ថិតក្នុងស្ទឹងផ្លាំង ខេត្តសៀមរាប កាលពីឆ្នាំ២០២៣។ រដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី ក្រុមការងារជណ្ដើរត្រីមកពីប្រទេសអូស្រ្តាលី និងសាកលវិទ្យាល័យ Charles Sturt ជាមួយនឹងការផ្តល់មូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី គំនិតផ្តួចផ្តើមធ្វើផ្លូវចរាចរណ៍ត្រីទន្លេមេគង្គក្រោម។ គំនិតផ្តួចផ្តើមនេះមានកិច្ចសហការល្អជាមួយ MRCs និងភ្នាក់ងារបណ្តាញ។ បញ្ជីសារពើភណ្ឌ និងការកំណត់អាទិភាពត្រូវបានធ្វើឡើងនៅឆ្នាំ២០២៣ នៅស្ទឹងផ្លាំង ដែលចងក្រងជាឯកសារទំនប់ស្ទាក់ទឹកចំនួន ៦៣កន្លែង ដែលក្នុងនោះ ២០ភាគរយតម្រូវឱ្យមានការសាងសង់ជណ្ដើរត្រី ដើម្បីស្ដារការធ្វើបន្លាសទី និងផលិតកម្មត្រីឡើងវិញ។ ជណ្ដើរត្រីមួយចំនួនត្រូវបានសាងសង់ដោយគ្មានមូលនិធិសម្រាប់ស្រាវជ្រាវ និងការត្រួតពិនិត្យដើម្បីវាយតម្លៃប្រសិទ្ធភាពនៃកការសាងសង់នៅក្នុងតំបន់។
លោកបញ្ជាក់ថា គោលបំណងនៃគម្រោងបច្ចេកវិទ្យាជណ្ដើរត្រីនេះ គឺដើម្បីសិក្សានិងចែករំលែកបទពិសោធន៍ ការចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗពីវិស្វករធារាសាស្ត្រ ក្រុមជលផល និងម្ចាស់ជំនួយ ដើម្បីធ្វើការដោយសកម្មសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។ លោកបន្តថា រដ្ឋាភិបាលកម្ពុជារីករាយក្នុងការពិចារណាលើគោលនយោបាយវិជ្ជមានណាមួយដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនេសាទ និងប្រព័ន្ធធារាសាស្រ្ត ប៉ុន្តែចាំបាច់ត្រូវផ្អែកលើវិទ្យាសាស្ត្ររឹងមាំ បង្ហាញឱ្យឃើញច្បាស់ និងលទ្ធភាពសេដ្ឋកិច្ចដើម្បីទទួលបានដំណោះស្រាយឈ្នះ និងឈ្នះសម្រាប់ផលិតភាពជលផល និងស្រូវ។
លោក អ៊ឹង គឹមលាង សម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី FishTech Masterclass 2024 និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូកិត្តិយស ក្នុងព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នាថ្ងៃនេះ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) សាកលវិទ្យាល័យ Charles Sturt និងរដ្ឋបាលជលផល ដែលបានជ្រើសរើសយកទឹកដីខេត្តសៀមរាបក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលនេះ។
ជាមួយនេះ លោកសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងប្រើប្រាស់វេទិកា ដើម្បីសម្រាប់ចូលរួមលើកជាសំណួរ ឬមតិយោបល់ ដើម្បីពិនិត្យ ពិភាក្សាឱ្យបានផុលផុស និងបង្ហាញអំពីបទពិសោធន៍ ដែលធ្លាប់បានអនុវត្តជាក់ស្តែងកន្លងមក ធ្វើការចែករំលែកគ្នាទៅវិញទៅមកសំដៅពង្រឹងសមត្ថភាព និងការលើក កម្ពស់ការអនុវត្តការងារជលផលឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កា ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីដើរលើផ្លូវរួមគ្នាប្រកបដោយឆន្ទៈមោះមុត៕