(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងរបស់ជនជាប់ចោទ ស្រី ស៊ីណា ពីបទឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅជំនុំជម្រះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល កាលពីខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ឋនឹង ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣ សំណុំរឿងគឺ៖

*១៖ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត

*២៖ សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

*៣៖ សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទ រំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង២ ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះលេខ ៦៧៨៧ “ង” ដដ និងលេខ ៦៧៨៨ “ង” ដដ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាន និងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធី។

សូមរម្លឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿងម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញបានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត៕