(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ចំនួន៥០លានរៀល មកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដែលជួបឧបទវហេតុជាន់មីន ដាច់ជើងស្តាំម្ខាង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅឃុំថ្មដា ស្រុកវាលវែង។

លោក ខូយ រីដា បានចូលរួមសោកស្តាយ និងបាននាំការផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ចំពោះគ្រោះថ្នាក់នេះ។ ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ សូមកុំអស់សង្ឃឹមក្នុងជីវិត ថ្វីត្បិតយើងនៅមានជីវិតនៅឡើយ យើងក៏នៅមានសង្ឃឹមជានិច្ច។ ប្អូនប្រុស ស៊ុំ សុខប៊ន ពិតជាមានសំណាងហួស ០.០០១% ក្នុងចំណោម១០០សំណាង ដែលមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈលោកបានអន្តរាគមន៍គ្រប់ច្រកល្ហក ដើម្បីជួយសង្គ្រោះអាយុជីវិតប្អូន រហូតបានធូរស្រាលដល់បច្ចុប្បន្ន។

លោកសូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទីតាំងដែលមានការហាមប្រាម ឬសង្ស័យថាមានមីន។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៩ និង០៧នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ មានការណីផ្ទុះគ្រាប់មីន ដែលបន្សល់ពីសង្រ្គាម មួយលើក នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ករណីនេះបណ្តាលឱ្យជនរងគ្រោះម្នាក់ មានឈ្មោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសដាច់ជើងខាងស្តាំ និងរបួសលើផ្ទៃមុខ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈពេលជនរងគ្រោះកំពុងតែបាញ់ស្មៅ នៅចំណុចកើតហេតុខាងលើ៕