(ស៊ីប)៖ ស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំប្រទេសស៊ីប ប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយមោទនភាព។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារប្រណិត Radison Beach ដោយមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងក្រសួងការបរទេសជាច្រេីនរូប ព្រមទាំងអ្នកជំនួញ និងសមាជិកនៃសហគមន៍អាជីវកម្ម និងវិស័យផ្សេងៗ។
ការប្រារព្ធពិធីនេះ គឺជាឱកាសដ៏រីករាយ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសមិទ្ធិផលដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។
ភ្ញៀវបានទស្សនានៅវីដេអូវប្បធម៌ជាច្រើន ដែលរួមមាន៖ របាំប្រពៃណី និងតន្ត្រីខ្មែរ អាហារប៊ូហ្វេ អាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលមានម្ហូបក្នុងស្រុក និងម្ហូបប្រពៃណីខ្មែរមួយចំនួនដូចជា ឡុកឡាក់ ក៏ត្រូវបានបម្រើផងដែរ ដែលផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការទទួលយកនូវរសជាតិរបស់ប្រទេស។
លោក Christopher Larcou អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប បានសម្តែងនៅចំណាប់អារម្មណ៍ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសស៊ីប។
បន្ថែមពីនេះ លោក Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប ប្រចាំនៅកម្ពុជា បានថ្លែងសារអរគុណសំរាប់វត្តមានភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។
ស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំប្រទេសស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសស៊ីប ឱ្យកាន់តែរីកចម្រើន៕