(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និង B និងប្រគល់ម៉ូតូចំនួន៤គ្រឿង ជូនសិស្សនិទ្ទេស A ក្នុងស្រុកកោះសូទិន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រថ្នាក់មហាវិទ្យាល័យ ឲ្យទទួលបានជោគជ័យ ហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលទាំងអស់ដែលបាន ជំរុញដល់កូនៗ រហូតទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងនេះ។
លោកក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំ និងបង្រៀន ពិសេសក្មួយៗសិស្សានុសិស្សនៅទូទាំងស្រុកកោះសូទិន ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានអញ្ជើញចុះមកសំណេះសំណាល និងប្រគល់ម៉ូតូចំនួន១០គ្រឿង ដល់អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ (អធិការដ្ឋាន០២គ្រឿង ប៉ុស្តិ៍រដ្ឋបាល០៨គ្រឿង ក្នុង០១ប៉ុស្តិ៍ ០១គ្រឿង) ក្នុងនោះបានឧត្ថម្ភបន្ថែមនូវថវិកាដល់អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ដោយក្នុង១អង្គភាព ទទួលបានចំនួន៤០០,០០០រៀល។
បន្ទាប់មកទៀត លោកបានចុះពិនិត្យសិក្សាទីតាំងតារាងបាល់ទាត់ដែលលិចទឹក និងបានស្នើសុំរំដោះទឹកចេញដោយគ្រោងសុំដាក់លូរំដោះទឹកមានប្រវែង ៣៩០ម៉ែត្រ និងលូទំហំ០.៧ម៉ែត្រ ស្ថិតក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។
ជាមួយគ្នានេះ លោកបានដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារស្នាក់ការគណបក្សឃុំពាមប្រធ្នោះ ដែលកំពុងធ្វើការសាងសង់ និងបានពន្លឿនដល់ក្រុមជាងដើម្បីបានឆាប់បញ្ចប់នាពេលខាងមុខ៕