(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី។
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់ និងសោកសៅរកទីបំផុតគ្មាន ដែលសម្តេចតែងរលឹកដល់ជានិច្ចចំពោះការបាត់បង់កូនប្រុសដំបូងជាទីស្រឡាញ់។ បន្ថែមពីលើទម្ងន់ទុក្ខដែលបៀមជាប់ទ្រូងអស់រយៈពេល៤៨ឆ្នាំមកហើយ បែរជាត្រូវយាយីដោយក្រុមជនពាលជម្លើយគ្មានសីលធម៌ជ្រុលនិយម គឺជារឿងដ៏ឈឺចាប់បំផុត។
សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ សូម្បីតែភរិយា និងកូនក៏ហ៊ានលះបង់។ សម្តេចតេជោ បានស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្តៅនៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិចេញពីគំនរផេះនៃភ្លើងសង្គ្រាម ឆ្ពោះមករកសុខសន្តិភាព នាំជាតិពីការបែកបាក់ ឆ្ពោះមកកាន់ការឯកភាពរួបរួម នាំជាតិចេញពីគ្មានអ្វីសោះ ឆ្ពោះមកត្រើយអភិវឌ្ឍន៍ និងការរីកចម្រើន។
គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ផ្តល់តម្លៃ និងគោរពយ៉ាងធំធេងពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីដែលមានប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងកំពុងរស់យ៉ាងសុខដុមក្រោមម្លប់សុខសន្តិភាពកើតចេញពីការដឹកនាំរបស់សម្តេចតេជោ។ មិនត្រឹមតែពលរដ្ឋខ្មែរនោះទេ ជាតិសាសន៍ដទៃដែលបានដឹងពីប្រវត្តិជូរចត់របស់កម្ពុជា ក៏ត្រូវបានទទួលស្គាល់នូវគំរូវីរភាពនៃភាពជាអ្នកដឹកនាំរបស់សម្តេចតេជោផងដែរ។
ផ្ទុយទៅវិញជនក្បត់ជាតិ សម រង្ស៊ី មេជនជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស រួមទាំងក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» តើបានធ្វើអ្វីសម្រាប់ជាតិមួយនេះ? ពួកគេបានត្រឹមអុជអាលបំបែកបាក់ក្នុងចេតនាដ៏អាក្រក់ក្នុងការបំផ្លាញសុខសន្តិភាព និងបង្កវិនាសកម្មសម្រាប់ជាតិខ្មែរតែប៉ុណ្ណោះ។ ពួកគេគ្មានតម្លៃសមជាជាតិខ្មែរនោះឡើយ។
សម្តីជ្រុលនិយមរបស់ក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» បរិវាជនក្បត់ជាតិ សម រង្សុី បង្ហាញច្បាស់ពីសណ្តាន ចរិតមាយាទនៃពូជពង្សជនអសីលធម៌ គ្មានគុណធម៌ សណ្តានជាតិរច្ឆានគ្មានវិចារណញាណស្គាល់គុណ និងទោស, ខុស និងត្រូវ។
លោក សូ ម៉ារ៉ា ប្រកាសថ្កោលទោសចំពោះសម្តីទមិឡរបស់ក្រុមជនជ្រុល «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ដឹកមុខដោយជនក្បត់ជាតិសមរង្ស៊ី និងទទូចសុំឱ្យសមត្ថកិច្ចមានវិធានការច្បាប់ចំពោះក្រុមជនជ្រុលនិយម ដឹកមុខដោយជនក្បត់ជាតិ សម រង្សុី ដោយគ្មានការលើកលែង៕