(ភ្នំពេញ)៖ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានផ្ញើសារគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សមាជិក សមាជិការដ្ឋសភា និងប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤)។
នៅក្នុងសារជូនពរដែលអង្គភាព Fresh News ទទួលបានបានឲ្យដឹងថា៖ រដ្ឋសភា និងប្រជាជនវៀតណាមមានសេចក្តីសោមនស្សរីករាយឃើញថា ក្នុងរយៈពេល ៧១ ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងបុព្វហេតុតសាង ជាតិទទួលបានឯករាជ្យ សន្តិភាព អព្យាក្រឹត និងការអភិវឌ្ឍ។ ទំនាក់ទំនងរវាងវៀតណាម-កម្ពុជា ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរត្រូវបានបន្តពង្រឹងក្នុងការ ផ្លាស់ប្តូរថ្មីជាវិជ្ជមានជាច្រើនរួមទាំងខ្លឹមសារ និងការអនុវត្តជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការឲ្យ កាន់តែមានប្រសិទ្ធភាពជាក់ស្តែងថែមទៀត។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន (Tran Thanh Man) ទន្ទឹងរង់ចាំជួបជាមួយសម្តេចប្រធានក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ ឆាប់ៗនេះ ដើម្បីរួមគ្នាពិភាក្សាលើវិធានការជំរុញទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង រវាងវៀតណាម និងកម្ពុជា ព្រមទាំង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឲ្យកាន់តែមាន ការអភិវឌ្ឍយ៉ាងល្អប្រសើរថែមទៀត ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោក ត្រឹន ថាញ់ មិន ក៏បានជូនពរ សម្ដេចប្រធានរដ្ឋសភាកម្ពុជា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តសម្រេច ដោយជោគជ័យគ្រប់ភារកិច្ចការងារក្នុងតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេច៕