(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួង ជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬ គណៈកម្មការទី៩ និងតំណាងគណៈកម្មការជំនាញនានានៃព្រឹទ្ធសភា ក្រោមវត្តមានលោក អ៊ុំ សារិទ្ធ ជាប្រធានគណៈកម្មការទី៩ ។
កិច្ចប្រជុំនេះដើម្បីពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញតិ្តបច្ចេកទេស រួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញតិ្តអង្គការសហប្រជាជាតិ ឬសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
កិច្ចប្រជុំបានប្រព្រឹត្តនៅ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រមទាំងតំណាងគណៈកម្មការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ជាលទ្ធផលឆ្លងតាមកិច្ចប្រជុំនាថ្ងៃនេះ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ឯកភាព និងស្នើសុំពិនិត្យសម្រេចក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ៕