(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងមត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។
នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ មានទូលចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីបចំនួន៣៦ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។ លោកបន្ដថា ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ច ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពោលត្រូវធានាដល់សុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេស អញ្ជើញចូលរួមអបអរសាទរកម្សាន្ដសប្បាយ។
នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាការណែនាំដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួម ពោលធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាព្រះរាជសុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ សុវត្ថិភាពជូនសម្ដេច និងឥស្សរជនជាន់ខ្ពស់ ក្នុងព្រះរាជពិធីនេះ ដោយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការ ការពារ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។ បន្ថែមពីនេះ ត្រូវពង្រឹងកិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។
ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏សុំនូវការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការបិទផ្លូវ ឬក៏បញ្ហាកកស្ទះចរាចរណ៍ ដោយសារតែការប្រមូលផ្ដុំនៅទីតាំង កម្សាន្ដសប្បាយផ្សេងៗ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចទាំងអស់ នឹងខិតខំប្រឹឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីកាត់បន្ថយនូវផលរំខានដោយប្រការណាមួយ។
សូមជម្រាបថា កម្លាំងសរុបទាំងជាង១ម៉ឺន៦នាក់នេះ មកពី១៦ស្ថាប័ន អង្គភាព ក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន៕