(ភ្នំពេញ)៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហារូបករណ៍១០០% រយ:ពេល៤ឆ្នាំពេញ ជូនចំពោះសិស្សក្រីក្រដែលទើបប្រឡងចប់បាក់ឌុបហើយថ្មីៗ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងផ្ដល់ជូនប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុង១ខែ ព្រមទាំងអាហារ និងកន្លែងស្នាក់នៅថែមទៀតផង។
សម្រាប់សិស្សានុសិស្សដែលមានជីវភាពក្រីក្រ ចង់បន្ដការសិក្សានៅថ្នាក់ឧត្ដមតែគ្មានលទ្ធភាព អាចអញ្ជើញមកចុះឈ្មោះសុំអាហារូបករណ៍ពីសាកលវិទ្យាល័យ ឌីជីថលកម្ពុជាបាន។ សាលាបានបើកបង្រៀនផ្ដោតទៅលើមុខជំនាញចំនួន១០ សំខាន់ៗគឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម (កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្ម និងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។
មិនត្រឹមតែផ្ដល់អាហារូបករណ៍១០០% លើការសិក្សាប៉ុណ្ណោះទេ សាកលវិទ្យាល័យឌីជីថលកម្ពុជា Digital University of Cambodia. (DUC) ក៏នឹងផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក៣ពេលក្នុងមួយថ្ងៃ ប្រើប្រាស់ទឹក ភ្លើង អ៊ីនធើណេត ដោយសេរី កំព្យូទ័រហាត់ការមួយគ្រឿង ព្រមទាំងឧបត្ថម្ភប្រាក់ហាត់ការចំនួន៣០ម៉ឺនរៀល ក្នុងមួយខែទៀតផង។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅពេលនិស្សិតមានជំងឺកម្រិតស្រាលណាមួយ សាលានឹងចេញថ្លៃព្យាបាលឱ្យថែមទៀតផង។
អត្ថប្រយោជន៍ដែលទទួលបាន មិនមែនត្រឹមតែប៉ុណ្ណេះនោះទេ នៅពេលនិស្សិតបញ្ចប់ការសិក្សា សាលាក៏រកការងារឱ្យធ្វើថែមទៀតផង។ សម្រាប់ព័ត៌មានលម្អិត ប្អូនៗអាចទាក់ទងមកកាន់តេឡេក្រាមខាងក្រោម៖
https://t.me/+855965667774។
សូមជម្រាបជូនថា ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) បានរៀបចំឡើង ដោយនៅក្នុងគោលបំណងបណ្ដុះបណ្ដាល ធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕