(ស្ទឹងត្រែង-រតនគិរី)៖ តាមរយៈការរៀបចំដំណើរទស្សនកិច្ចទិសឦសានរបស់រាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា បានឆក់យកបេះដូងរបស់មាន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រង និងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះ។

ក្រោយបានចុះមកពិនិត្យ និងមើលឃើញពីស្ថានភាពព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង, លោក រិន សុភក្តិ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានឱ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យលោកស្គាល់ច្បាស់ពីព្រំដែនផ្ទាល់នឹងភ្នែកតែម្តង ហើយបង្គោលព្រំដែន បានបោះយ៉ាងត្រឹមត្រូវតាមច្បាប់ រឹងមាំ។

យុវជន រិន សុភក្តិ បានសម្តែងនូវមោទនភាព និងជឿជាក់លើរាជរដ្ឋាភិបាល ដែលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន «គឺខ្ញុំជឿជាក់ និងបានឃើញជាក់ស្តែង ពិតប្រាកដណាស់មិនអាចមានការរំកិល ឬលក់ដីឱ្យបរទេសដូចការចោទប្រកាន់របស់ជនអគតិនោះទេ»

យុវជន រិន សុភក្តិ មានជំនឿថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបវតី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នឹងខិតខំធ្វើយ៉ាងណាឱ្យតំបន់ព្រំដែន ក្លាយជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍ។

យុវជនរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានមកឃើញស្ថានភាពព្រំដែន សូមឆ្លៀតពេលមកទស្សនាទាំងអស់គ្នា ដើម្បីបញ្ចប់មន្ទិលសង្ស័យ តាមរយៈការឃោសនាបោកប្រាស់របស់ក្រុមជនអគតិ ដែលមានបំណងអាក្រក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយលើកយកបញ្ហាព្រំដែន សម្រាប់បញ្ឆេះកំហឹងរបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាគ្រប់រូបកំពុងទទួលផលជាច្រើននៅក្នុងដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើរបស់យុវជន រិន សុភក្តិ ដូចខាងក្រោម៖