(កំពង់ធំ)៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការអូរងាវ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) នៅចំណុចអូរងាវ ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមការបញ្ជាក់ពីលោក តុប កក្កដា បានឱ្យដឹងថា កម្លាំងមន្ទីរបរិស្ថានបានឃាត់រថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ស្លាកលេខភ្នំពេញ 2BB-2412 ដែលដឹកឈើប្រភេទសុក្រំចំនួន ១២ដុំ ស្មើ ០.៩៤៨ ម៉ែត្រគូប នៅម៉ោង ៨:០៧ នាទីយប់។ បន្ទាប់មកកម្លាំងបានបន្តប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿងទៀតម៉ាក LEXUS ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AN-1660 នៅចំណុចទួលសេវា ដែលដឹកឈើប្រភេទសុក្រមចំនួន ១៨ ដុំ ស្មើ ០.៧៩២ ម៉ែត្រគូប។

លោកបន្តថា ការនេះឃាត់បានរថយន្តចំនួន ០២គ្រឿង និងឈើចំនួន ៣០ ដុំ ស្មើ ១.៧៤ ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការអូរងាវ ដើម្បីបន្តនីតិវិធីតាមច្បាប់។

នាឱកាសនោះដែរលោក តុប កក្កដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានធម្មជាតិរបស់យើងទាំងអស់គ្នាផងដែរ៕