(ភ្នំពេញ)៖ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខូបលើកទី៧១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលលិខិតអបអរសាទរមួយចំនួនពីបណ្តាប្រធានរដ្ឋសភានៃប្រទេសជាមិត្តរបស់កម្ពុជា នៅក្នុងនោះមាន សារលិខិតជូនពរពី លោក Vyacheslave VOLLODIN ប្រធានសភាឌូម៉ានៃប្រទេសរុស្សី លោក FERDINAN MATIN G.ROMUALDES ប្រធានសភាតំណាងប្រជាជននៃសាធារណរដ្ឋហ្វីលីពីន និងលោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាដើម។

ថ្នាក់ដឹកនាំសភាបណ្តាប្រទេសជាមិត្ត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧១ ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងបុព្វហេតុកសាងជាតិទទួលបានឯករាជ្យ សន្តិភាព អព្យាក្រឹតនិងការអភិវឌ្ឍ។ ក្រៅពីការអបអរសាទរបុណ្យឯករាជ្យជាតិ បណ្តាថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត បានវាយតម្លៃនិងកោតសរសើរ អបអរសាទរជូនពរចំពោះថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជួបតែវឌ្ឍនភាព សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតជូនជាតិ។

ទិវាបុណ្យឯករាជ្យជាតិខូបទី៧១ បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងមានការអញ្ជើញចូលរួមឥស្សរជនជាន់ខ្ពស់ជាតិសំខាន់ៗ តំណាងអង្គទូតបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីរាជការ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៤។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕