(Troyes, បារាំង)៖ នាល្ងាចថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្ស ប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-Val-de-Loire ប្រទេសបារាំង បានដឹកនាំគណប្រតិភូចូលរួមពិធីជួបជុំ សំណេះសំណាល សាកសួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយសកម្មជន សមាជិក-សមាជិកាសាខាគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ Troyes និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់នោះ សរុបប្រមាណ២០០នាក់។

លោក ហែម សុវត្ថិ បានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី អាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។

លោកបានបញ្ជាក់ថា សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អណ្តូងទឹក អគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម... ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ ជាក់ស្តែងដូចជាគម្រោងស្ថាបនា «ព្រែកជីកហ្វូណនតេជោ» គឺត្រូវតែសម្រេចឱ្យបាន ដើម្បីជាប្រយោជន៍ជាតិ តគ្រប់ជំនាន់៕