(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនេះអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជទូត បានពិភាក្សាលើបញ្ហានៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ដែលភាគីទាំងពីរយល់ឃើញថាត្រូវមានការសហការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។

អភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ចំពោះឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា ព្រមសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកជួបសម្ដែងការគួរសម នាពេលនេះ។ អភិសន្តិបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរចំពោះឯកអគ្គរាជទូត ក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណឯកអគ្គរាជទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើស ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ម៉ាឡេស៊ី។

ទន្ទឹមនេះ អភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យភាគីទាំងពីរពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខផងដែរ។ អភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាលនៃប្រទេសទាំងពីរ។

ទន្ទឹមនេះឯកអគ្គរាជទូតម៉ាឡេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតែងតែផ្ដល់បរិយាកាសរស់នៅ យ៉ាងកក់ក្ដៅដល់ប្រជាជនម៉ាឡេស៊ី ដែលរស់នៅកម្ពុជា។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថាតាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕