(ព្រះសីហនុ)៖ លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងមានគោលដៅ តភ្ជាប់បណ្តាញខ្សែកាបអុបទិក និងអ៊ីនធឺណិតដល់គ្រប់ឃុំសង្កាត់ ត្រឹមឆ្នាំ២០២៧។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជុន វ៉ាត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)។
សិក្ខាសាលានេះ បានធ្វើឡើងសណ្ឋាគារឆ្នេរសុខា ខេត្ដព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួនសរុប ប្រមាណជាង១០០នាក់។
លោក ជុន វ៉ាត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគោលដៅតភ្ជាប់បណ្តាញខ្សែកាបអុបទិក និងអ៊ីនធឺណិតដល់គ្រប់ឃុំសង្កាត់ ត្រឹមឆ្នាំ២០២៧។ ក្រសួងក៏បានខិតខំអនុវត្ត គម្រោងតបណ្តាញខ្សែកាបអុបទិច ក្រោមបាតសមុទ្របន្ថែមទៀត ដើម្បីធានាបាននូវការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយគុណភាព»។
បើតាមលោក ជុន វ៉ាត, កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់អាទិភាព លើកិច្ចការអភិវឌ្ឍធនធានមនុស្សនេះជាចម្បង។ ក្រសួងបានដាក់ចេញនូវកម្មវិធីជាច្រើន ដើម្បីជំរុញការលើកកម្ពស់គុណវុឌ្ឍិ នៃការអប់រំមុខជំនាញបច្ចេកវិទ្យាឌីជីថល។ កម្មវិធីទាំងនោះ មានដូចជា៖
១៖ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក្នុងនោះ ក្រសួងបានផ្តល់អាហារូបករណ៍ជាប្រចាំ សម្រាប់សិស្សឆ្នើម ឱ្យចូលរៀនជំនាញបច្ចេកវិទ្យាឌីជីថល និងបានបង្កើតកម្មវិធីផ្តល់ឥណទាន ឥតការប្រាក់លើការចំណាយបង់ថ្លៃសិក្សា ដល់សិស្សានុសិស្សទាំងឡាយ ដែលមានបំណងបន្តការសិក្សាផ្នែកបច្ចេកវិទ្យានេះ នៅថ្នាក់ឧត្តមសិក្សា។
២៖ កម្មវិធីជំនួយហិរញ្ញប្បទាន ដើម្បីពង្រឹងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ដែលជាដៃគូក្នុងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលរយៈពេលខ្លី។
៣៖ រៀបចំផែនទីចង្អុលផ្លូវជំនាញឌីជីថល (Digital Skill Roadmap) សម្រាប់តម្រង់ទិស ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតឧត្តមសិក្សា ដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍ របស់បច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក។
៤៖ រៀបចំកសាង «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(Community Tech Center)» នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាចាំបាច់ សម្រាប់ការបង្រៀនសិស្ស និងសហគមន៍នៅតំបន់ដាច់ស្រយាល។
៥៖ រៀបចំ «មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល(Digital Tech Center)» និងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដល់គ្រឹះស្ថានឧត្តមសិក្សា និងការបង្កើតនូវ ប្រព័ន្ធគ្រប់គ្រងសកលវិទ្យា(University Management System)។
លើសពីនោះទៀត លោក ជុន វ៉ាត បានបញ្ជាក់ថា ជាគោលដៅនៃការដាក់ចេញនូវអន្តរាគមន៍គោលនយោបាយខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបំណងបង្កើនចំនួនធនធានមនុស្ស ជំនាញឌីជីថលនៅកម្ពុជា ឱ្យបានដល់១០ម៉ឺននាក់ នៅឆ្នាំ២០៣០។
លោក ជុន វ៉ាត បានលើកឡើងទៀតថា បង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋាន ក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិបានដល់ ១០០% និងអត្រាប្រជាពលរដ្ឋ មានកម្រិតអក្ខរកម្មឌីជីថលមូលដ្ឋាន មានដល់៥០% នៅក្នុងឆ្នាំ២០៣០។
ក្រៅពីកិច្ចខិតខំជំរុញកសាងមូលធនមនុស្សឌីជីថលខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបំពេញបេសសកម្មស្នូលរបស់ខ្លួន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល ដែលមានវឌន្ឍភាពគួរឲ្យកាត់សម្គាល់ មានជាអាទិ៍៖
* ការពង្រីកវិសាលគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងពង្រឹងសមត្ថភានៃបណ្តាញដែលមានស្រាប់តាមរយៈការសាងសង់ស្ថានីយ៍អង់តែនបន្ថែម និងការរាយបណ្តាញខ្សែកាប អុបទិកឆ្អឹងខ្នង និងតភ្ជាប់នៅក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជន និងតំបន់ទេសចរណ៍ជាដើម។
គូសបញ្ជាក់ផងដែរថា ការរៀបចំក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាការអនុវត្តវិធានការគន្លឹះ ស្របតាមការចង្អុលបង្ហាញ នៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
ក្នុងនោះ ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវក្លាយខ្លួនជា «ពលរដ្ឋឌីជីថល» ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញ ពីការវិវត្តរបស់បច្ចេកវិទ្យា។
ការរៀបចំក្របខណ្ឌនេះ ធ្វើឡើងក្នុងគោលបំណង៖
១៖ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា
២៖ ជំរុញការលើកកម្ពស់ អ.ឌ.ប.ព. ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក
៣៖ ផ្តល់មូលដ្ឋានសម្រាប់រៀបចំ កម្មវិធីសិក្សាសមស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព នៅកម្ពុជា។
ក្របខណ្ឌ អ.ឌ.ប.ព បានកំណត់ថា ពលរដ្ឋឌីជីថលនៅកម្ពុជា គួរមានសមត្ថភាពអ.ឌ.ប.ព ៨ផ្នែក និងមានចំណេះដឹង ឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះ ទើបគេអាចប្រើប្រាស់ បច្ចេកវិទ្យាបានច្បាស់លាស់ ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធិភាព និងសុវត្ថិភាព៕