(ប៉ៃលិន)៖ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តប៉ៃលិន រយៈពេល២ថ្ងៃ (១១/១២ ខែវិច្ឆិកា ឆ្នាំ២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ច ដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
លោកស្រីអភិបាលខេត្ត បានបន្ថែមថា ការរៀបចំវេទិការនេះ គឺដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែប្រសើរឡើង។ វេទិកានេះ នឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងនាឆ្នាំនេះ។
ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋចំគោលដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាពកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ គុណភាព ជីវិតរស់នៅ។
បន្ថែមពីនេះ លោកស្រី បាន ស្រីមុំ បានស្នើអង្គវេទិកាទាំងមូល មន្ទីរ/អង្គភាព/ស្ថាប័ននានា ពិសេសអង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ដែលសុទ្ធតែពាក់ព័ន្ធក្នុងការចូលរួមអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណាមិនត្រូវស្ទាក់ស្ទើរ ឬខ្លាចប៉ះពាល់ក្នុងការលើកឡើង និងលើកយកមកឲ្យអស់នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកា ក្នុងការដោះស្រាយទាំងអស់គ្នា ដើម្បីឈានទៅរកដំណោះស្រាយរួមមួយឱ្យបានសមស្រប និងជាក់លាក់បំផុត៕