(ពោធិ៍សាត់)៖ លោក យ៉ង់ ដៀប ដែលធ្លាប់រស់នៅតំបន់វាលវែង (បច្ចុប្បន្នស្រុកវាលវែង ខេត្តពោធិ៍សាត់) ជាអតីតកូនទាហានខ្មែរក្រហមម្នាក់ លោកពិតជារីករាយ និងអរគុណតម្លៃសន្តិភាពនេះសារជាថ្មីម្តងទៀត ដែលសង្គ្រាម ត្រជាក់រវាងខ្មែរ និងខ្មែរ បានបញ្ចប់ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយគ្មានប្រើគ្រាប់កាំភ្លើង សូម្បីតែមួយគ្រាប់ ហើយវាបានបញ្ចប់ដោយពេញលេញក្នុងឆ្នាំ១៩៩៨។
ក្រោយពីសង្គ្រាមត្រជាក់នេះត្រូវបានបញ្ចប់ សមិទ្ធផលជាច្រើនបានដុះឡើងរួមមាន៖ ផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាពិសេសមានផ្លូវជាតិសំខាន់ពីរខ្សែសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស គឺផ្លូវជាតិលេខ៥៥ និងលេខ១០ (កំពុងសាងសង់) នៅចំបេះដូង នៃស្រុកនេះត្រង់រង្វង់មូលដំរី៥០៥ (ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលជាសសៃឈាមសំខាន់បំផុតសំរាប់ដឹកទំនិញ ប្រមូលផល្លានុផលកសិកម្ម និងបម្រើដល់វិស័យទេសចរណ៍ធម្មជាតិជាដើម។
ភាពរីកចម្រើននេះ គឺផ្ទុយស្រឡះកាលពីនៅមានសង្រ្គាមដែលគ្រប់គ្នារស់នៅក្រោមភាពភ័យខ្លាចរាល់ថ្ងៃ ទាំងការគេចគ្រាប់កាំភ្លើង និងភ័យខ្លាចពេលឈឺស្កាត់ម្តងៗ។ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ គឺចំណាយពេល យូរណាស់ដូចជាពីតំបន់វាលវែងទៅទីរួមខេត្តពោធិ៍សាត់ ប្រើពេលមួយថ្ងៃពេញតែពេលនេះមិនដល់ពីរម៉ោងផងគ្រប់យ៉ាង គឺខុសគ្នាទាំងស្រុង។
គ្រាន់តែចាប់ផ្តើមមានពន្លក នៃសន្តិភាពពុករបស់ យ៉ង់ ដៀប បានបញ្ជូនគាត់មករៀននៅខេត្តពោធិ៍សាត់ក្នុងឆ្នាំ១៩៩៧ ព្រោះគាត់យល់ច្បាស់ពីតម្លៃនៃការអប់រំ។ ពុករបស់លោកពិតជារីករាយ និងស្អប់សង្រ្គាម ដោយសារគាត់ មានការហត់នឿយនឹងសង្គ្រាម និងមិនចង់ឱ្យមានការបែកបាក់គ្នារវាងខ្មែរ និងខ្មែរបន្តទៀតឡើយ។
ផ្នែកអប់រំ លោក យ៉ង់ ដៀប បានទទួលអាហាររូបករណ៍បរិញ្ញាបត្រគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបន្តបញ្ចប់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ ឆាលស្ទើត របស់ប្រទេសអូស្រ្តាលី (Charle Sturt University, Australia)។
គួរបញ្ជាក់ផងដែរថា ពុករបស់លោកគឺឈ្មោះលោក អួន យ៉ង់ ជាអតីតអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ដំបូងគេ បន្ទាប់ពីចប់សង្រ្គាមត្រជាក់ ដែលលោកត្រូវបានតែងតាំង យោងតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នលោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយក្ដីគោរពស្រលាញ់ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការគេតែងហៅលោកថា លោកព្រឹទ្ធាចារ្យ អួន យ៉ង់។
បច្ចុប្បន្នស្រុកនេះគឺកំពុងដឹកនាំដោយលោក ធាង ឡេង អភិបាលស្រុកវាលវែង ដែលទើបចូលកាន់តំណែងថ្មីបានបង្ហាញពីការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់គួរឱ្យកត់សំគាល់ផងដែរ។ ដោយសារតម្លៃការអប់រំ ក្រោមដំបូលសន្តិភាពនេះ លោក យ៉ង់ ដៀប តែងបណ្តុះគំនិតចូលរួមជាមួយសហគមន៍តាមការកៀរគរសប្បុរសជនឱ្យទៅជួយស្រុកវាលវែង ជាពិសេសផ្នែកអប់រំ ដើម្បីបង្កើតធនធានជំនាន់ក្រោយ និងផ្សព្វផ្សាយពីសន្តានុពល នៃស្រុកនេះ និងទាក់ទាញគេទៅលេងនៅភ្នំ១៥០០ ដើម្បីបង្កើតឱ្យមានចរន្តសេដ្ឋកិច្ចនៅទីនោះបន្ថែមទៀត។
ទន្ទឹមនឹងនេះលោក និងក្រុមគ្រួសារ ក៏មានមុខរបរជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ ហៅតេលាប្រម៉ោយ ទីតាំងលើផ្លូវជាតិ៥៥ ជាប់សាលាស្រុកវាលវែង ហើយវាបានលើកមុខមាត់ក្នុងស្រុកវាលវែង និងបម្រើដល់វិស័យទេសចរណ៍យ៉ាងខ្លាំងដែលបានឆ្លងកាត់ទៅលេងភ្នំ១៥០០។
ជាពិសេសស្ថានីយនេះមានផ្តល់សេវាដូចជា៖ ប្រេងសាំង ហ្គាស ហាងកាហ្វេ និងហាងបាយមានទីធ្លាធំទូលាយរួមជាមួយបន្ទប់ទឹកស្អាតជាច្រើនផងដែរ។ លើសពីនេះ ស្ថានីយមួយនេះបង្ហាញពីការគាំទ្រ និងជួយដល់សហគមន៍ បង្កើតឱ្យការលក់កសិផល បន្លែ និងផ្លែឈើ ដែលមាននៅក្នុងស្រុកវាលវែង ទៅដាក់លក់នៅទីតាំងរបស់លោកដោយមិនគិតថ្លៃឡើយ។
សកម្មភាពនេះគឺចូលរួមលើកកម្ពស់កសិផលខ្មែរឱ្យដល់ដៃអ្នកស្រលាញ់សុខភាព បង្កើតការងារឱ្យសហគមន៍ តាមរយៈកសិទេសចរណ៍ ដែលជាផ្នែកមួយយ៉ាងសំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាល។ ចុងក្រោយលោក លើកឡើងថាការរីកចម្រើននៅស្រុកវាលវែង បន្តបន្ទាប់មកដល់សព្វថ្ងៃនេះ លើគ្រប់វិស័យ គឺកើតពីតម្លៃមិនអាចកាត់ថ្លៃបាននោះ គឺដោយសារតែមានសន្តិភាពនេះហើយ។
សន្តិភាពនេះ បានកើតចេញពីស្ថាបនិកតែម្នាក់គត់ដែលប្រជាជនគ្រប់គ្នាគោរពស្រលាញ់ ជាពិសេសអ្នកស្រុកវាលវែងតែម្តងមិនអាចបំភ្លេចបាន នោះគឺសម្តេចតេជោ ហ៊ុន សែន។ ការថែទាំប្រទេសជាតិឱ្យមានសុខសន្តិភាព ជាកត្វកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប៕