(ក្រចេះ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឲ្យកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយលោកអនុសេនីយ៍ឯក កឹម ភត្រា សហការជាមួយសង្កាត់រដ្ឋបាល ព្រៃឈើសណ្តាន់ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត ឈើអារលេខ១ បានចំនួន៥២កំណាត់ ក្នុងភូមិស្រែស្បួវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ទីតាំងស្តុកលាក់ទុកឈើគ្មានច្បាប់អនុញ្ញាតនេះ ម្ចាស់ផ្ទះឈ្មោះ យាន់ តិ អាយុ៥៥ឆ្នាំ។ បើតាមសមត្ថកិច្ច, ម្ចាស់ផ្ទះស្តុកឈើបាននិយាយថា ទាំងឈើទាំងគោយន្តកន្ត្រៃដឹកឈើ មិនមែនជារបស់គាត់នោះទេ ពោលឈើ និងគោយន្តទាំងនេះម្ចាស់ពិតប្រាកដឈ្មោះ យី ហើយឈើដែលដឹកយកមកទម្លាក់ទុក នៅក្នុងបរិវេណផ្ទះរបស់លោក គឺឈ្មោះ យី ទុកលក់បន្តទៅឲ្យឈ្មោះ វ៉ា ដឹកជញ្ជូនតាមរថយន្តសាំយ៉ុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2K-7522។
នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសឈើ ២ប្រភេទ គឺឈើប្រណីត ច្រេស និងឈើអារលេខ១ (ឈើសុក្រំ) សរុបចំនួន៥២កំណាត់ មិនទាន់ធ្វើការវាស់វែង និងគោយន្តកន្ត្រៃ១គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនឈើអាណាធិបតេយ្យ និងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ក្រោយការបង្ក្រាប កម្លាំងស្នាក់ការសន្តិសុខ៧០៨ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រគល់ទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ យកទៅរក្សាទុក និងចាត់ការតាមច្បាប់៕