(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តផែនការបរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរា។
អង្គសិក្ខាសាលាដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។ ដោយផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា អង្គរ និងបរិស្ថាន តួនាទីនិងភារកិច្ចនៃភ្នាក់ងារសណ្តាប់ធ្នាប់ប្រាសាទដែលកំពុងអនុវត្ត កិច្ចការសាងសង់និងជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរជាដើម។
លោក សុខ លក្ខិណា បានលើកឡើងថា ក្នុងមួយឆ្នាំអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថានដើម្បីតំបន់អង្គរនេះចំនួន៤លើក ដោយក្នុងមួយលើកតម្រូវឱ្យមានសិក្ខាមចំនួន១០០នាក់ មកពីនាយកដ្ឋានទាំង៨ចំណុះឱ្យអាជ្ញាធរជាតិអប្សរាចូលរួម។
លោកក៏បានបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានបែបស្តង់ដាអន្តរជាតិ ISO14001 ដែលអាជ្ញាធរជាតិអប្សរា យកមកអនុវត្តតាំងពីឆ្នាំ2003មកនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កិច្ចការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន-អង្គរ។ មិនចំពោះតែផ្ទៃក្នុងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ យើងក៏នៅបានផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋ បណ្តាស្ថាប័ន និងអង្គភាពជុំវិញខេត្តផងដែរ។ ហើយយើងនឹងនៅតែបន្តធ្វើជាប់ជាប្រចាំទៀតផង៕