(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើការក្រើនរំលឹក ដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សា ២០២៣-២០២៤ទាំងអស់ កុំជ្រើសរើសជំនាញ ឬទៅរៀនសូត្រនៅមហាវិទ្យាល័យ តាមមិត្តភក្តិត្រូវចេះសម្រេចចិត្តជ្រើសរើសជំនាញណា ដែលខ្លួនស្រលាញ់ និងតាមទេពកោសល្យរបស់ខ្លួន ស្របតាមការការរីកចំរើន របស់ប្រទេសជាតិ និងតម្រូវការទីផ្សារការងារ។
ការលើកឡើងអំពាវនាវរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងស្រុកប្រាសាទសំបូរ និងស្រុកសន្ទុកខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «បើយើងសម្រេចជ្រើសរើសជំនាញ ដែលខ្លួនស្រលាញ់បានហើយ យើងត្រូវតែមានស្មារតីប្តេជ្ញាចិត្តប្រឹងប្រែងឲ្យអស់លទ្ធភាព បើចេះអីមួយ ត្រូវចេះឲ្យច្បាស់ និងប្រាកដ ទើបអាចរកការងារបានល្អដូច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា រៀនឲ្យចប់ រៀនឲ្យចេះ និងឲ្យមានការងារធ្វើ ហើយក៏មិនខុសនឹងពាក្យចាស់តែង ពោលថា ចេះអ្វីចេះឲ្យប្រាកដ ប្រាក់រត់តាមហៅ នោះដែរ»។
ទន្ទឹមនឹងការចូលរួមអបអរសាទរ ដល់សិស្សានុសិស្សដែលបានប្រឡងជាប់ជាស្ថាពរសញ្ញា
បត្រមធ្យមសិក្សាទុតិយភូមិសិក្សា២០២៣-២០២៤ លោកស្រីបណ្ឌិត ជា សិរី បានលើកទឹកចិត្ត ដល់សិស្សដែលមិនទទួលបានជោគជ័យ សម្រាប់ការប្រឡងឆ្នាំនេះ ត្រូវតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំបោះបង់ចោលត្រឹមនេះ ហើយត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ថ្មីមួយ ដល់ខ្លួនសម្រាប់បន្តប្រឹងប្រែង និងត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀតនៅឆ្នាំសិក្សាក្រោយ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា បរាជ័យលើកនេះ គឺជាពិសោធន៍ដែលធ្វើឲ្យយើងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ ស្គាល់ពីភាពខ្លាំង និងភាពខ្សោយ ដូចសុភាសិតមួយពោលថា ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ច្បាំង១០០ដង ឈ្នះ១០០ដង។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ដោយឡែកក្មួយៗ ដែលពុំអាចប្រឡងជាប់ឆ្នាំនេះ បើសម្រេចចិត្តបញ្ឈប់ ការសិក្សាត្រឹមនេះ ក្មួយៗគួររៀនសូត្រចាប់យកជំនាញបច្ចេកទេសណាមួយ ដើម្បីចិញ្ចឹមជីវិតសម្រាប់ថ្ងៃអនាគត។
ក្នុងឱកាសនោះលោកស្រីបណ្ឌិត ជា សិរី បានលើកទឹកចិត្ត ដល់មាតា បិតា និងអាណាព្យាបាល ឲ្យបញ្ជូនកុមារីទៅសាលារៀន ដើម្បីឲ្យពួកគេទទួលបានការ អបរំបានពេញលេញ ព្រោះថាស្ត្រីដើរតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍ៕