(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីក្ដីសប្បាយរីករាយ ក្រោយបានទទួលដំណឹងថា សាលាបឋមសិក្សាតាំងក្រសាំង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសជាបេក្ខភាពសម្រាប់ ការប្រកួតក្នុងកម្មវិធី «ស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី» ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥ ដែលជាកិត្តិយស សម្រាប់មូលដ្ឋានស្រុកសន្ទុក។
ក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារជូនសាលាបឋមសិក្សាតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រីបណ្ឌិតទេសាភិបាលបានបង្ហាញានូវការជឿជាក់ថា សាលាបឋមសិក្សាតាំងក្រសាំង នឹងទទួលបានលទ្ធផលល្អ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរួម របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងណាព្យាបាលក្នុងការអភិវឌ្ឍសាលា និងពង្រឹងលទ្ធផលសិក្សារបស់សិស្សានុសិស្សនឹង ជាប់ចំណាត់ថ្នាក់ជាសាលាគំរូ ក្នុងការប្រកួតប្រជែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ហើយក៏ក្លាយជាគំរូដល់សាលាបឋមសិក្សាដទៃទៀត ក្នុងស្រុកសន្ទុក។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ក្នុងនោះលោកស្រីបណ្ឌិតនឹងបន្តជួយ និងគាំទ្របន្តទៀត ដល់សាលាបឋមសិក្សាតាំងក្រសាំងដូចជា សម្ភារឧបករណ៍សិក្សា ផ្សេងៗទៀតដូចជា កុំព្យូទ័រសម្រាប់បន្ទប់ LAB កុំព្យូទ័រសម្រាប់គ្រូបង្រៀន រៀបចំជួសជុល អគារសិក្សាដែលពុំទាន់ស្របតាមស្ដង់ដាកំណត់ សាងសង់កន្លែងលាងដៃ និងរៀបចំទីលាន កីឡាបាល់បោះ ជាដើមផងដែរ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ដើម្បីសម្រេចបានជាសាលារៀនគំរូ និងជាប់ជាជ័យលាភី ដោយផ្អែកលើសូចនាករខាងលើ សាលារៀនត្រូវប្រតិបត្តិ និងសម្រេចបាននូវស្តង់ដាធំៗ ចំនួន៥ដែលរួមមាន៖ ស្តង់ដាទី១-លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២-ដំណើរការបង្រៀន និងការរៀន, ស្តង់ដាទី៣-ការ ចូលរួមរបស់សហគមន៍, ស្តង់ដាទី៤-ដំណើរប្រតិបត្តិការ និងរដ្ឋបាលរបស់សាលារៀន និងស្តង់ដាទី៥-គណនេយ្យភាពរបស់សាលារៀន។
សូមបញ្ជាក់ថា ការប្រកួតប្រជែងនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើការ វាយតម្លៃ និងកំណត់នូវសូចនាករទូទៅចំនួន៤ចំណុច ដើម្បីកំណត់សាលាគំរូ ដែលអាចទទួលបានជ័យលាភីរួមមាន ៖
១៖ ការលើកម្ពស់អភិបាលកិច្ចរបស់សាលារៀន។
២៖ ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស។
៣៖ ការយកចិត្តទុកដាក់ លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់ កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារតាមសាលា។
៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ។
ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី បាននាំយកសម្ភារៈមួយចំនួនទៅប្រគល់ជូន ដល់សាលាបឋមសិក្សាតាំងក្រសាំងរួមមាន ៖ សៀវភៅរឿងសម្រាប់កុមារ , កង្ហារភ្ជាប់នឹងជញ្ជាំង ,អំពូលភ្លើង, ឧបករណ៍បញ្ចាំងស្លាយ (Projector) , កង និងសំណាញ់បាល់បោះ ,ស្គរតន្ត្រី ,ព្យាណូ ,ហ្គីតា , ក្ដារចុចភ្លេងដោយប្រើខ្យល់ផ្លុំ និង សម្ភារ និងថ្នាំពេទ្យសម្រាប់សង្គ្រោះបឋម៕