(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំប្រទីបរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមចូលរួមជាទស្សនីយភាព អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

ប្រទីបក្រសួងសុខាភិបាល បានរចនាឡើងដោយលក្ខណៈពិសេស ដែលមានភាពស្រគត់ស្រគុំ តូចត្រឡឹង សាមញ្ញា ល្អគន់ ស្រស់ស្អាត ដោយបង្ហាញឡើងនូវរូបសញ្ញាក្រសួងសុខាភិបាលដ៏ធំចំកណ្តាលនៃប្រទីប និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព័ទ្ធជុំវិញដោយក្បាច់ផ្កាភ្ញីទេស ដែលទ្រដោយសត្វម្ករ រូបនាគ និងក្បាច់ទឹករលក មានលក្ខណៈស្អាតប្លែក ដែលបានយកលំនាំតាមប្រាសាទបន្ទាយឆ្មារ នៅសតវត្សទី១២ តំណាងឱ្យសម័យកាលរុងរឿង នៃវិស័យសុខាភិបាល សិរីសួស្តី និងភាពសំបូរសប្បាយសុខុដុមរមនារបស់ប្រជាជនកម្ពុជា។ នាគរាជ ក៏ជាសត្វទីឃជាតិតំណាងឱ្យដើមកំណើតនៃប្រទេស និងប្រជាជាតិកម្ពុជា វប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ តាំងពីសម័យបុរាណមក ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត។

ក្រសួងសុខាភិបាល មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលជាតិឱ្យបានរុងរឿងនាពេលអនាគត៕