(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម បានប្រកាសចលនាតស៊ូមួយ ដែលគ្មានក្បាលគ្មានដងខ្លួន និង គ្មានកន្ទុយរបស់វាពិតប្រាកដឡើយ ដែលជាការដាក់ចេញនូវសំណួរមួយចង់ដឹងថា ហេតុអ្វីបានជា សម រង្ស៊ី ដាក់ចេញនូវល្បែងនយោបាយដូចក្មេងលេងបាយឡុកបាយឡរបៀបនេះ? សូមទស្សនាបទអត្ថាធិប្បាយរបស់ Fresh Exclusive ជុំវិញបញ្ហានេះ...

ចលនាតស៊ូមួយ ដែលគ្មានអស័យដ្ឋាន និងទីតាំងពិតប្រាកដត្រូវបានប្រកាសដោយមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នៅក្នុងពេលឆ្លៀតឱកាសធ្វើពិធីបុណ្យព្រះពុទ្ធសាសនាខ្មែរមួយក្នុងទឹកដីសហរដ្ឋអាមេរិក។ ការប្រកាសការបង្កើតចលនាតស៊ូខុសច្បាប់ នាពិធីបុណ្យកឋិនទាន ក្នុងវត្តភ្នំសេរី ក្នុងរដ្ឋម៉ាសាឈូសិត កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤ មិនបានបញ្ជាក់ថាតើចលនាតស៊ូនោះ មានទីតាំងពិតប្រាកដស្ថិតនៅទីណា និងតើមានអ្នកណាខ្លះជាក្បាលម៉ាស៊ីន និងជាសមាជិករបស់ខ្លួនច្បាស់លាស់នោះទេ។

*ហេតុអ្វីបានជា សម រង្ស៊ី មិនហ៊ានប្រកាសទីតាំង និងក្បាលម៉ាស៊ីនដឹកនាំនៃចលនាតស៊ូនេះ?

មានសំណួរមួយបានដាក់ចេញមកថា ហេតុអ្វីបានជា សម រង្ស៊ី សញ្ជាតិបារាំងមិនប្រកាសចលនាតស៊ូនេះ នៅលើទឹកដីបារាំង?
សំណួរនេះ មានការបកស្រាយមកវិញថា សម រង្ស៊ី ទោះបីជាគាត់សញ្ជាតិបារាំងមែន ប៉ុន្តែនយោបាយជួរជាតិរបស់គាត់ មិនដែលត្រូវបានរដ្ឋាភិបាលបារាំងណាមួយបានគាំទ្រគាត់នោះឡើយ និងម្យ៉ាងទៀតដោយខ្លាចក្រែងមានជាប់ទោសទណ្ឌប៉ះពាល់ដល់ច្បាប់របស់សាធារណរដ្ឋបារាំងទើប សម រង្ស៊ី កាន់តែមិនហ៊ានធ្វើនយោបាយជួរជាតិទាំងនេះ នៅលើទឹកដីរបស់បារាំងឡើយ។

មូលហេតុដែល សម រង្ស៊ី ប្រកាសការបង្កើតចលនាតស៊ូ លើទឹកដីអាមេរិកនេះ គឺជាភាពច្បាស់លាស់មួយ ដែលបង្ហាញថា បើសិនជាមានរឿងរ៉ាវផ្លូវច្បាប់ណាមួយកើតឡើង គឺអ្នកសមគំនិតបង្កើតរឿងរ៉ាវខុសច្បាប់ដែលរស់នៅលើទឹកដីអាមេរិកនោះទេ ដែលនឹងទទួលផលវិបាក នោះគឺមិនមែន សម រង្ស៊ី ដែលមានសញ្ជាតិបារាំងឡើយ។

នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ក៏ធ្លាប់មានមនុស្សមួយក្រុមដឹកនាំនូវចលនាតស៊ូមួយក្រុមឈ្មោះ CFF Cambodian Freedom Fighters នាថ្ងៃទី២១ តុលា ឆ្នាំ១៩៩៨ ដែលមេខ្លោងនោះ មានឈ្មោះថា Chhun Yasith។ ប៉ុន្តែចលនា CFF របស់ ឈុន យ៉ាសិទ្ធ ដែលស្ថិតក្នុងក្រុង Long Beach រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានអាជ្ញាធរអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បានបង្ក្រាបនិងចាប់មេខ្លោង ឈុន យ៉ាសិទ្ធ នោះដាក់គុកអស់មួយជីវិតនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០១០ ពីបទរួមគំនិតធ្វើរដ្ឋប្រហារមិនបានសម្រេចដាក់លើរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០០០។ ដូច្នេះបើសម រង្ស៊ី ហ៊ានប្រកាសនូវទីតាំងដ៏ជាក់លាក់ និងហ៊ានរាយឈ្មោះសកម្មជនណាដែលជាប់ពាក់ព័ន្ធក្រុមធ្វើចលនាតស៊ូរបស់ សម រង្ស៊ី ក៏ដូចជាស្មើនឹងការធ្វើអត្តឃាតខ្លួន ពីព្រោះបើសហរដ្ឋអាមេរិកធ្លាប់បង្ក្រាបចលនាតស៊ូរបស់ ឈុន យ៉ាសិទ្ធ ម្តងហើយវាសនារបស់ចលនាតស៊ូប្រកាសរបស់ សម រង្ស៊ី ក៏គង់ នឹងដូចគ្នានឹងវាសនារបស់ចលនា ឈុន យ៉ាសិទ្ធ ឡើយបើសិនណាជាហ៊ានប្រកាសឈ្មោះខ្មែរអាមេរិកដែលជាប់ពាក់ព័ន្ធ និងទីតាំងរបស់ខ្លួនពិតប្រាកដនៅលើទឹកដីអាមេរិកនោះ។ ទាំងនេះហើយ គឺជាមូលហេតុ មួយនៃការបង្កើតចលនាតស៊ូ ដែលគ្មានបញ្ជាក់នូវអស័យដ្ឋានពិតប្រាកដ និងគ្មានឈ្មោះមេដឹកនាំ ចលនាខ្មែរអាមេរិកាំងណាពិតប្រាកដឡើយ ក្រៅតែពីការប្រកាសធ្វើត្រឹមតែ សម រង្ស៊ី សញ្ជាតិបារាំង តែម្នាក់ឯងប៉ុណ្ណោះ។

ការប្រកាសបង្កើតចលនាតស៊ូនៅក្នុងវត្តភ្នំសេរីកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤នោះ សម រង្ស៊ី បានធ្វើតែម្នាក់ឯង ដោយឈរពីមុខក្បាលមេក្រូ ជាមួយមនុស្ស២ទៅបីនាក់ ដែលជួយចាត់ចែងសម្របសម្រួលតែប៉ុណ្ណោះ។ អ្នកតាមភាពវិវត្តន៍នយោបាយខ្លះបានចាត់ទុកថា វាគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀតដើម្បីតែការប្រមែប្រមូលរកថវិកា ពីអ្នកគាំទ្រណាដែលបន្តការបាញ់បោកនយោបាយរបស់ សម រង្ស៊ី ខណៈរបៀបវារៈចាស់ៗពីមុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ លែងមានប្រសិទ្ធភាពបោកប្រាស់ទៀតហើយ។

ការប្រកាសបង្កើតចលនាតស៊ូថ្មីនេះ បានបញ្ជាក់ការបោះបង់ចោលទាំងស្រុងនូវការចូលរួមបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យ និងចលនាតស៊ូនេះ គឺច្បាស់ណាស់នៃការចង់ដណ្តើមអំណាចតាមបែបហិង្សានាំប្រទេសឈានទៅរកសង្គ្រាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងនាថ្ងៃទី១១ វិច្ឆិកា បានព្រមានថាចលនាតស៊ូ ដែលនាំឱ្យមានការប្រើហិង្សា គឺជាអំពើខុសច្បាប់ដែលរាជរដ្ឋាភិបាលចាត់ទុកថាជា អំពើខុសច្បាប់ត្រូវតែបង្ក្រាបជាដាច់ខាត៖

«កុំធ្វើអ្វីមួយចាត់តាំង ឬមួយប្រមូលមនុស្សប្រមូលប្រជាពលរដ្ឋទៅធ្វើសកម្មភាពដែលនាំឱ្យមានការខូចខាតនូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ឬឈាមទៅដល់ការបែកបាក់ប្រទេសដូចថ្ងៃទី១៨ សីហា រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត រដ្ឋាភិបាលបានស្បថស្បែនៅថ្ងៃចូលកាន់តំណែងរួចហើយថា ការពាររដ្ឋធម្មនុញ្ញ និងការពារផលប្រយោជន៍ សុខសន្តិភាពប្រទេសជាតិ និងការឯកភាពជាតិរបស់យើងត្រូវតែធ្វើឲ្យបាននេះគឺជាការពារដាច់ខាត។ ហើយបើអស់លោកបង្កើតចលនាខាងក្រៅ លែងជឿលើការបោះឆ្នោត កុំរុញទៅលើការបំផ្លាញប្រទេសតាមរួបភាពអី្វ ឬមួយការចង់ដណ្តើមអំណាចតាមរូបភាពអ្វីផ្សេង។ ប្រជាពលរដ្ឋនៅក្នុងប្រទេសប្រាំឆ្នាំតាមរដ្ឋធម្មនុញ្ញយើងបញ្ចេញមតិម្តង ក្រៅពីនេះរួមគ្នាថែរក្សាអភិវឌ្ឍន៍ខ្លួន និងអភិវឌ្ឍន៍ប្រទេសរបស់យើង នេះគឺជាកត្តាដែលខ្ញុំសុំលើកនៅថ្ងៃនេះតែម្តង»។

*ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី ជ្រើសរើសផ្លូវទ័លច្រកចុងក្រោយនេះ?

តាមពិតលទ្ធផលនៃការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកដែលបង្ហាញថាលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានវិលត្រឡប់មកកាន់អំណាចក្នុងសេតវិមានវិញនោះ បានធ្វើឱ្យមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែអស់សង្ឃឹមខ្លាំងក្លាលើនយោបាយប្រជាភិថុតិ នៃអ្វីដែលពួកគេហៅថា «សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ» នោះ។ លោក ដូណាល់ ត្រាំ ធ្លាប់បានបរិហានូវនយោបាយសិទ្ធិមនុស្សប្រជាធិបតេយ្យក្រោមរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែល២០ឆ្នាំរួចមកនេះ គឺមិនមានបានប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកឡើយ។

ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាណ្ណត្តិទី២ គឺជាឧទាហរណ៍ បង្ហាញថា ពិភពលោកទាំងមូលកំពុងប្រែប្រួលទាំងស្រុងហើយ។ ៤ឆ្នាំរួចមកហើយរវាងពីឆ្នាំ២០១៦ ដល់២០២០ ភាពអែបអប សម រង្ស៊ី ដែលព្យាយាមចង់ឱ្យគេឃើញថាគាត់ជាមនុស្ស របស់អាមេរិកាំងនោះ ត្រូវបានគេទាត់ចោលទៅក្បែរជញ្ជាំងម្តងរួចទៅហើយ។ ដូច្នេះការទាត់ ចោល៤ឆ្នាំទៅមុខទៀត រវាងពីឆ្នាំ២០២៤ដល់២០២៨ ក៏មិនមែនជារឿងថ្មីដែរ។ ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ តាមពិតគឺជាការសម្លាប់នយោបាយក្រុមជ្រុលនិយម សម រង្ស៊ី ទាំងស្រុងហើយ។

ដូច្នេះខណៈរបៀបវារៈនៃនយោបាយចាស់ តាមរយៈការញុះញង់អំពីការចោទប្រកាន់បាត់បង់ទឹកដីខ្មែរទៅវៀតណាម ជាពិសេសរឿង CLV-DTA និងព័ត៌មានមួលបង្កាច់ និងបំផ្លើសនានាមួយចំនួនទៀត ដែលមិនអាចប្រមែប្រមូលរៃអង្គាសថវិកាជួយ សម រង្ស៊ី និងបក្ខពួកទៀតបានមេខ្លោងក្រុមជ្រុលនិយមរូបនេះ បានបង្ខំចិត្តប្រកាសបង្កើតចលនាតស៊ូ ដែលគ្មានរូបរាងពិតប្រាកដនេះឡើង ក្រែងលោឧបាយកលថ្មីនេះ អាចមានលទ្ធភាពបោកប្រាស់អ្នកដទៃទៀត បានខណៈកលល្បិចនៃស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្លែងក្លាយត្រូវបានពលរដ្ឋខ្មែរក្នុង និងក្រៅស្រុកបាននិងកំពុងបកអាក្រាតពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។

អតីតសកម្មជន ដែលធ្លាប់លង់ជឿលើឧបាយកលនយោបាយរបស់ សម រង្ស៊ី នោះត្រូវគេឃើញថា ពួកគេបាននាំគ្នាដកខ្លួនឈប់គាំទ្រជាបន្តបន្ទាប់ និងការវិលត្រឡប់របស់ពួកគេត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយអំពីការនាំគ្នាចូលមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលដែលកាច់ចង្កួតដោយគណបក្សប្រជាជនកម្ពុជាថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធមួយកាលពីថ្ងៃទី១១ វិច្ឆិកា បានថ្លែងអរគុណចំពោះពលរដ្ឋដែលជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែល កាច់ចង្កួតដោយគណបក្សប្រជាជនកម្ពុជា៖ «មកដល់ម៉ោងនេះ ខ្ញុំសុំអរគុណទៅដល់ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសក៏ដូចជា ប្រជាជននៅក្រៅប្រទេស ដែលបានយល់នូវឆន្ទ: និងការស្មគ្រត្រង់របស់រាជរដ្ឋាភិបាលរបស់យើង ជាពិសេសពាក់ព័ន្ធនិងរឿង CLV-DTA នេះ ដែលថាយើងមិនដែលក្នុងពេលមួយណាដែលធ្វើឱ្យបាត់បង់ ឬពេលមួយណាដែលធ្វើឱ្យបាត់បង់ ឬមានគោលដៅធ្វើឱ្យបាត់បង់ទឹក ឬអធិបតេយ្យភាពជាតិនោះទេ តាមរយ:ការចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្ត កន្លងទៅនេះ ហើយក៏ជាការបដិសេធនូវការចូលរួមការអំពាវនាវបន្តទៀតរបស់ក្រុមជ្រុលនិយមដែលខំយករឿងនេះដុតបន្តទៀតតាមរយ: ការបង្ហាញជាក់ស្តែង ព្រោះប្រជាជនអស់ជំនឿហើយបានគេលែងទៅចូលរួម សូម្បីតែលោកស្រី មូរ សុខហួរ ជិះយន្តហោះមកខ្លួនឯងទៅដល់កូរ៉េក៏មិនមានអ្នកចេញទៅគាំទ្រ ព្រោះប្រជាជនបានយល់បានឃើញនូវភាពកក់ក្តៅ ខ្ញុំសូមអរគុណណាស់»។

តាមពិតវាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែល សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយមបែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោក បានថ្កោលទោសនិងស្អប់សង្គ្រាម ខណៈពិភពលោកទាំងមូលផងទៀត រួមទាំងរដ្ឋបាលថ្មី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិកផង ក៏បានបញ្ជាក់នូវបំណងរួមគ្នាចង់ពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសារតែសង្គ្រាមធំទាំង២នេះ មិនត្រឹមតែធ្វើឱ្យមានមនុស្សស្លាប់និងរបួស និងអន្តរាយដល់ប្រទេសដែលកំពុងមានសង្គ្រាមប៉ុណ្ណោះទេ ឥទ្ធិពលនៃសង្គ្រាមធំទាំង២នេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រជាជាតិនីមួយៗលើសកលលោកផងដែរ។

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលក្នុងឱកាសខួប២០ព្រះវស្សានៃការឡើងគ្រងរាជ្យសម្បត្តិថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ ជាមួយការសម្តែងទុកព្រះទ័យថា ព្រះរាជាណាចក្រកម្ពុជា នឹងសម្រេចបាននូវនយោបាយដឹកនាំជាតិដ៏ខ្លាំងក្លាមួយ ក្រោមការកាច់ចង្កូតរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ព្រះរាជបន្ទូលសម្តែងការទុកព្រះទ័យនេះ បានធ្វើឡើងក្រោយការទតមើលឃើញថា រយៈពេលជាង២០ឆ្នាំក្រោយការបញ្ចប់សង្គ្រាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការកាច់ចង្កូត របស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ពិតជាបានធ្វើឱ្យប្រទេសមានស្ថិរភាព នយោបាយ និងសន្តិភាព និងគ្មានអនុភាពណាមួយអាចមកបង្កភាពរង្គោះរង្គើបានឡើយ៕