(ភ្នំពេញ)៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានសហគ្រិនចំនួន៧៥រូប មកពីប្រទេសចំនួន១៩ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ។

នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោកហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur ១% Club បានឱ្យដឹងថា ពាន់រង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំយ៉ាងជ្រាលជ្រៅជាមួយនឹងទំនួលខុសត្រូវសង្គមរួមរបស់យើងចំពោះកិច្ចការសង្គម។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែលើកកម្ពស់ដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជំវិញយើផងដែរ។ ការជួបជុំនៅក្នុងថ្ងៃនេះ ក៏ឆ្លុះបញ្ចាំពីជំហានសំខាន់ៗ ដែលយើងធ្វើក្នុងនាមយើងជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើកកម្ពស់ជីវិត និងរួមចំណែកដល់សុខុមាលភាពនៃសង្គមតំបន់អាស៊ានទាំងមូល។

លោកបន្តថាកម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេល៨០ថ្ងៃ ដែលមានអ្នកចូលរួមដាក់ពាក្យចំនួន ៣,៧៦០នាក់ មកពីបណ្តាប្រទេសចំនួន៣៩ប្រទេស។ ក្នុងនោះគណៈកម្មាធិការបានជ្រើសរើសអ្នកមានសក្តានុពលចំនួន៤៨០នាក់ ហើយឈានទៅដល់ការវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់ មកពី៣០ប្រទេស។ ជាចុងក្រោយ គណៈកម្មាធិការ បានសម្រេចជ្រើសរើសយកម្ចាស់ជ័យលាភីសរុបចំនួន៧៥រូប មកពីប្រទេសចំនួន១៩ ដើម្បីផ្តល់ជូនពានរង្វាន់នៅក្នុងថ្ងៃនេះ។

លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លិប Global Entrepreneur 1% Club «កិច្ចការសង្គម» បានបន្ថែមថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងចក្ខុវិស័យរបស់សមាគម ដែលមិនគិតត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងផ្តល់ត្រលប់មកវិញដល់សង្គមផងដែរ។

លោកបន្តថា ការទទួលខុសត្រូវសង្គម មិនគ្រាន់តែជាការផ្តល់ត្រលប់មកវិញទេ វាគឺជា ការកសាងអនាគតប្រកបដយចីរភាពសម្រាប់មនុស្សគ្រប់រូប។ ក្នុងនាមជាអ្នកទទួល ខុសត្រូវសង្គមមួយរូបរបស់សមាគមក្លិប លោកក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និង សហគ្រិនជាច្រើនផ្សេងទៀត បន្តគាំទ្រសង្គមរបស់យើង ដោយសារវាមានសារសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសយើង។

តាមរយៈពេលពានរង្វាន់មួយនេះដែរ ក្លិបអ្នកវិនិយោគរំពឹងថា នឹងមានសហគ្រិន ជាច្រើនទៀត ចូលរួមក្នុងកិច្ចការសង្គមបានកាន់តែច្រើន ហើយក៏រំពឹងថានឹងមានការរៀបចំពានរង្វាន់ ដ៏អស្ចារ្យមួយនេះ ដោយមានការគាំទ្រពីសំណាក់បណ្តាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទៅលើការរៀបចំកម្មវិធីពានរង្វាន់កាន់តែធំនិងអស្ចារ្យជាងពេលនេះ។

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នសំខាន់ៗមួយចំនួនរួមមាន៖ តំណាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងប្រធានសមាគមវិនិយោគ កម្ពុជាសិង្ហបុរីជាដើម។

គួរបញ្ជាក់ដែរថា កម្មវិធីពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការ សង្គម ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទ ដែលក្នុងនោះ៖ ពានរង្វានិ អាស៊ានសម្រាប់ថ្នាក់ពានសហគមន៍ នឹងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១០រូប ពានរង្វាន់អាស៊ានីសម្រាប់ថ្នាក់ពានសិល្បករ សិល្បការិនីនឹងធុរកិច្ចដែលជួយកិច្ចការ សង្គមចំនួន៣រូប ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូប ពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិននិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ច ដែលជួយការសង្គមមានចំនួន១៣រូប៕