(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់តូចៗផ្សេងទៀតដែរ។ ស្តង់ពិព័រណ៍ភាគច្រើន មាននៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តីជាដើម។ នេះបើតាមការបញ្ជាក់រប​ស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា តាមរបាយការណ៍ដែល រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់រៃរងផ្សេងៗទៀតដែរ។

លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាល រាជធានីភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារ និងរៀបចំទុកដាក់ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តិទៅដោយរលូន។

សូមបញ្ជាក់ថា ចំនួនស្តង់ពិព័រណ៍ទំាង១៣កន្លែងនេះ រួមមាន៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូង និងផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រ កន្លែងរៀបចំស្តង់ពិព័រណ៌ សម្រាប់ជួលនៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែររង្វង់មូលនាងមច្ឆា OCIC ជ្រោយចង្វា និងពីរកន្លែងទៀតរៀបចំដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទដោយមិនយកថវិកាផងដែរ៕