(តាកែវ)៖ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយអភិបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានប្រាប់អភិបាលខេត្តតាកែវ អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ជាពិសេសក្រុមហ៊ុនគ្រោងនឹងរៀបចំសហគមន៍កសិកម្មទំនើប៣កន្លែង នៅក្នុងខេត្តតាកែវ។

លោក Zhao Shujie បានលើកឡើងបន្ថែមថា នៅក្នុងសហគមន៍កសិកម្មទំនើប ដែលមានផ្ទៃដីប្រមាណ ១ម៉ឺនហិកតា ក្រុមហ៊ុននឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ទៅលើការចញ្ចឹមគោ ចញ្ចឹមជ្រូក ផលិតផលកសិកម្ម ដែលរួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការកសាងរោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ។

បើតាមលោកប្រធានក្រុមហ៊ុនតាណុង, ក្រុមហ៊ុនក៏នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍កសិកម្ម ព្រមទាំងកសាងសាលារៀន និងមន្ទីរពេទ្យផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទទួលផលប្រយោជន៍ ជាច្រើនពីគម្រោងនេះ ជាពិសេសគម្រោងនេះវានឹងធ្វើឲ្យសេដ្ឋកិច្ចគ្រូសាររបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធាតាមរយៈការដាំដំណាំស្រូវទទួលបានទិន្នផលខ្ពស់ ដោយក្នុងមួយហិកតាប្រមូលផលបានចំនួន ពី៧ទៅ៨តោន ហើយតម្លៃលក់មកឲ្យក្រុមហ៊ុន ក៏មានតម្លៃខ្ពស់ មិនមានក្រុមឈ្មួញកណ្ដាលមកទម្លាក់តម្លៃនោះទេ។

លោក វ៉ី សំណាង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន មានគម្រោងវិនិយោគទុន លើវិស័យកសិកម្ម នៅខេត្តតាកែវ។

ឆ្លើយតបទៅនឹងគម្រោងបង្កើតសហគមកសិកម្មទំនើប៣ទីតាំងនៅក្នុងខេត្តតាកែវ លោកអភិបាលខេត្តតាកែវ បានស្នើក្រុមហ៊ុនចុះពិនិត្យសិក្សានៅក្នុងស្រុកគីរីវង់ ស្រុកបូរីជលសារ និងស្រុកត្រាំកក់ ព្រោះស្រុកទាំង៣ មានសក្ដានុពលខ្លាំងលើដំណាំស្រូវ ដោយឡែកស្រុកត្រាំកក់ ជាស្រុកមួយដែលមានផ្ទៃដីធំមានចំនួនប្រជាពលរដ្ឋច្រើន និងជាស្រុកដែលមានការចញ្ចឹមសត្វច្រើនជាបណ្ដាស្រុកក្រុងទាំង៩ទៀត។

លោក វ៉ី សំណាង បានលើកឡើងបន្ថែមថា ប្រសិនបើបានក្រុមហ៊ុន Danong Development Group មកចូលរួមចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្ម នៅក្នុងខេត្តតាកែវ នឹងមានការចម្រើនបានលឿនយ៉ាងពិតប្រាកដ ហើយពេលនោះខេត្តតាកែវនឹងក្លាយជាគំរូនៃការអភិវឌ្ឍកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាជាក់ជាពុំខាន៕