(កំពង់ឆ្នាំង)៖ លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ ប្រធាន​ស្តីទី នៃមន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បាន​ឱ្យដឹងថា សារមន្ទីរ​ខេត្តកំពង់ឆ្នាំង កំពុង​​បើកទ្វារ​ចាំ​ទទួលភ្ញៀវជាតិ ​និង​អន្តរជាតិ ជា​រៀងរាល់ថ្ងៃ និងរៀងរាល់ម៉ោង​ធ្វើការ គឺក្នុងគោលបំណងឲ្យភ្ញៀវជាតិ ពិសេសអ្នកខេត្តកំពង់ឆ្នាំង បាន​ចូល​ទស្សនា​នូវវត្ថុ​បុរាណដែលមានតម្លៃមហាសាល មាន​ដូច​ជាប្រតិមាកុលា​ល​ភា​ជន៍ និងសមុច្ច័យធ្វើ​អំពី​លោហៈ​ផ្សេង​ៗ​ ជា​ស្នា ដៃ​របស់​បុព្វបុរស​យើងដែលកូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ខ្លះ​ពុំដែល​បានឃើញនិងបានស្គាល់។

ថ្លែង​ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ ​បាន​បញ្ជាក់​ទៀតថា​ កន្លង​មក​សារមន្ទីរ បាន​បើកទ្វារ​ជា​យូរណាស់​មក​ហើយ​ ​ប៉ុន្ត​ហាក់ដូចជានៅឆ្ងាយពីការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយពុំ​ទាន់​មាន​ភ្ញៀវ​ទទេសចរណ៍ចេញ ចូលទស្សនាបានច្រើន​នៅឡើយ តែរយៈពេលជិត ៣ខែកន្លងមកនេះចាប់តាំងពីលោកចូល​មកបម្រើការ ​នៅទីនេះ លោកបានធ្វើការរៀបចំសារមន្ទីរ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យវាក្លាយទៅជាទីតាំងមួយជាទីចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជានេះបើនិយាយជារួម និយាយដោយឡែក គឺសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងតែម្តង។

លោកបានបញ្ជាក់ទៀតថា សារមន្ទីរគឺជាឃ្លាំងនៃការផ្ទុកសមុច្ច័យទាំងឡាយមានជាប្រភេទថ្មភួក កុលាលភាជន៍ លោហៈ កែវ ស្ត្រាស្លឹករឹ ត ឈើ ប្រមរ និងជ័រ ក្នុងចំណោមវត្ថុធាតុទាំងអស់សមុច្ច័យធ្វើអំពីលោហៈធាតុ គឺមានច្រើនជាងគេ។

ដោយឡែកវត្ថុបូរាណទាំងអស់នៅក្នុងសារមន្ទីរនៅខេត្តកំពង់ឆ្នាំងមានជាច្រើនប្រភេទ ប្រសិនបើយើងនិយាយអំពីរូបប្រតិមា ដែលបានដាក់តាំងនៅក្នុងសារមន្ទីររបស់យើងនេះ គឺមានតម្លៃមហា​សាល​មិនអាចកាត់ថ្លៃបាន និងជាភស្តុតាងជាប្រវត្តិសាស្ត្រដែលដូនតាបានបន្សល់ទុក គឺមានតម្លៃខាងប្រវត្តិសាស្ត្រតម្លៃខាងសិល្បៈ តម្លៃខាងវប្បធម៌ និងមានតម្លៃខាងសាសនា ប្រសិនបើបានចូលទស្សនានៅទីនេះ យើងអាចដឹងអំពីជំនឿ នឹងអាចដឹងអំពីរបបនៃការគោរពអំពីជំនឿផ្នែកសាសនា មានតម្លៃផ្នែកសង្គមកិច្ច យើងអាចដឹងពីរបៀបរបបនៃកា ររស់នៅពីមួយជំនាន់ទៅមួយជំនាន់ បើនិយាយអំពីតម្លៃ​នៃសិល្បៈវិញ​តាមរយៈនៃវត្ថុទាំងអស់នៅទីនេះ គឺសុទ្ធសឹងជាសិល្បៈដែលចេញពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់។

លោកប្រធានស្ដីទី ក៏សូមធ្វើការសំណូមពរដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ពិសេសគឺផ្ដើមចេញពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត សូមមេត្តាចូលរួម និងចូលទស្សនាស្វែងយល់ អំពីសមុច្ច័យធ្វើអំពីលោហៈ កុលាលភាជន៍ និងប្រតិមាផ្សេងៗដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនពុំទាន់បានស្គាល់អំពីវត្ថុបុរាណដ៏មានតម្លៃទាំងអស់នេះ ដើម្បីទស្សនាស្វែងយល់ឱ្យបានស្គាល់ខ្លួនឯងផង និងជួយផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផង ដើម្បីឲ្យពួកគាត់បានចូលទស្សនាសារមន្ទីរ នៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ឲ្យបានផុលផុស និងច្រើនកុះករ ដើម្បីជាការជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់មន្ត្រីនៃមន្ទីរវប្បធម៌ដែលបានប្រឹងប្រែងរៀបចំ និងរង់ចាំទទួលភ្ញៀវចូលទស្សនា។

ដោយឡែក លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងផងដែរថា សារមន្ទីរខេត្តកំពង់ឆ្នាំង មានសមុច្ច័យសរុបជាង៤០០ដុំ បំណែក ប្រភេទសមុច្ច័យ និងវត្ថុបុរាណនៅក្នុងសារមន្ទីរនេះ មានជាប្រភេទថ្មភួក ប្រភេទកុលាលភា ជន៍ ប្រភេទកែវ ប្រភេទស្តា្រស្លឹករឹត ប្រភេទឈើ និងក៏មានប្រភេទផ្សេងទៀតជាច្រើនផងដែរ។ វត្ថុបុរាណដែល​មានដាក់តាំង​នៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំងនេះគឺមានចាប់ តាំងពីសម័យបុរេសម័យមុនអង្គរ សម័យក្រោយអង្គរ និងសម័យបច្ចុប្បន្នផងដែរ។

លោកបានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះសារមន្ទីរខេត្តកំពង់ឆ្នាំង ក៏មានការរៀបចំប្រភេទកុលាលភាជន៍ថ្មី ដើម្បីយកមករៀបចំដាក់តាំងពិពណ៌ ដែលកុលាលភាជន៍មួយ ចំនួនបានយកមកពីតាមបណ្ដាខេត្តផ្សេង ដូចជាយកមកពីខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពត ដើម្បីឲ្យភ្ញៀវចូលទស្សនាសិក្សាធ្វើការស្វែងយល់ក្នុងការប្រៀបធៀប អំពីបច្ចេកទេសនៃការផលិតកុលាលភាជន៍នីមួយៗ៕