(ភ្នំពេញ)៖ រាល់ពេលមានសកម្មភាពអុំទូក ក្នុងពិធីណាមួយនោះ គេតែងសង្កេតឃើញមានអ្នកអង្គុយនៅក្បាលទូកម្នាក់ ជាបុរសក្ដីស្រ្តីក្ដី ប៉ុន្តែពុំសូវមានប្រជាពលរដ្ឋដែលបានដឹងច្បាស់ពីអត្ថន័យ នៃការរៀបចំឱ្យមានអ្នកអង្គុយនៅក្បាលទូកប៉ុន្មាននោះទេ។

បើតាមលោកឪ ចម ចិត្រ ព្រះចៅអធិការវត្តឯករង្សី បានមានថេរដីកាថា អ្នកអង្គុយនៅក្បាលទូក ឬអ្នកស្រុកបាត់ដំបងចំណាំហៅថា​ «អ្នកទំក្បាលទូក» គឺជាអ្នកដែលឈ្លៀសឆ្លាតក្នុងកិច្ច ប្រៀបដូចទៅនឹងទ័ពអ៊ីចឹង ការដឹកនាំកងកម្លាំងទៅប្រយុទ្ធក្នុងសមរភូមិតែងតែមានមេបញ្ជាការ។ ដោយឡែកទូកងវិញ គេប្រើពាក្យ អ្នកទំក្បាលទូក ប្រៀបដូចទៅនឹងមេបញ្ជាការដែរ ព្រោះគាត់អាចយល់ដឹងអំពីខ្សែដឹង ខ្សែទឹកបែបណាត្រូវអុំយ៉ាងម៉េច និងទីពីរគឺគាត់ជាអ្នកត្រួតពិនិត្យគូប្រកួត ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងពេលប្រកួត។

សូមជម្រាបថា ទូកងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងមានកិត្តិសព្ទល្បីរន្ទឺនៅក្នុងខេត្តបាត់ដំបង រយៈកាលជាង២០ឆ្នាំមកហើយ។ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ត្រូវបានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រសិទ្ធនាមថាជា «អធិរាជដងទឹកសង្កែ» ដោយសារតែល្បឿនរបស់ទូក មិនងាយនឹងទទួលបរាជ័យ៕

សូមទស្សនាវីដេអូការពន្យល់របស់លោកឪ ចម ចិត្រ ដូចតទៅ៖