(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីទទួលអំណរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកានេះ។

ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ត្រូវបានពង្រឹង និងរៀបចំយ៉ាងស្រស់ស្អាតរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ដ។ ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ ដែលមានយូលុងមកហើយ។

ម៉្យាងទៀត ក៏ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដនៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងមានឈ្មោះបោះសំឡេងលើឆាកជាតិ និងអន្តរជាតិ ដោយចាត់ទុកជាទីក្រុងស៊ីវិល័យមួយ នៅអាស៊ីអាគ្នេយ៍ ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។

កន្លងមកលោក ឃួង ស្រេង បានណែនាំឲ្យមន្ត្រីជំនាញ ធ្វើការជួសជុលតុបតែង កែលម្អ ជួសជុលក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹក និងពង្រាយបង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត។ បើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន១០០ភាគរយហើយ។

លាបថ្នាំតាមច្រាំងទន្លេ (មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ (ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) ការដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួយការត្រៀមកម្លាំង សម្រាប់បោសសំអាតសួនច្បាររយៈពេល៤ថ្ងៃ គឺសុទ្ធតែបានត្រៀមរួចរាល់៕