(ប្រេស៉ីល)៖ វេទិកា Global South Media និង Think Tank បានចាប់ផ្តើមនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងលោកបណ្ឌិត គិន ភា តំណាងធនាគារខួរក្បាល (Think Tank) នៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅចូលរួមវេទិកា Global South Media and Think Tank លើកទី១ នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៉ីល ចំនួន ២ថ្ងៃ។

វេទិកា Global South Media and Think Tank Forum ត្រូវបានរៀបចំលើកទី១ ដោយសារព័ត៌មានរបស់រដ្ឋចិន ស៊ិនហួរ ដែលមានការចូលរួមពីបណ្តាមេដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល មកពីជុំវិញពិភពលោក ប្រមាណ១៧០ស្ថាប័ន មកពីជាង៧០ប្រទេសលើសកលលោក សរុបជាង៣៥០នាក់។

ពិធីបើក ត្រូវបានប្រកាសដោយលោក Fu Hua ប្រធានប្រតិបត្តិនៃវេទិកា ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល នៃពិភពលោកភាគខាងត្បូង និងជាប្រធានទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។

ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍ពីមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ដែលអ្នកទាំងពីរបានផ្ញើសារអបអរសាទរ។ វេទិកានេះដំណើរការនិងលើកឡើងអំពីការអភិវឌ្ឍន៍ ទំនាក់ទំនង ពាណិជ្ជកម្ម និងដំណើរការថ្មីសម្រាប់ពិភពលោកខាងត្បូង និងសំឡេង​នៃ​សកល​ខាងត្បូង​ និងការចូលរួមចំណែក​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​កាន់តែ​ត្រឹមត្រូវ​។

នៅក្នុងន័យនេះ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News របស់កម្ពុជា បានថ្លែង គាំទ្រដល់វេទិកា Global South Media and Think Tank ដែលបង្កើតឡើងដោយមហាអំណាចចិន ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការនៃប្រទេស ពិភពលោកខាងត្បូង។

វាជាវេទិកាមួយសម្រាប់អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងក្រុមធនាគារខួរក្បាល បានពិភាក្សាអំពីបញ្ហាប្រឈមនានា ដូចជាការរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការ អភិបាលកិច្ចល្អ ការប្រឆាំងព័ត៌មានក្លែងក្លាយ គិតគូរអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នា។ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងប្រេស៊ីល។ នេះបើយោងតាមលោក លឹម ជាវុត្ថា បន្ថែម។

លោក លឹម ជាវុត្ថា សូមជូនពរឲ្យវេទិកាដ៏សំខាន់នេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើន និងសូមអោយមានការរៀបចំវេទិកានេះបន្តបន្ទាប់ទៀត៕